នាយកខុទ្ទការល័យរបស់លោក កឹម សុខា៖ គោលការណ៍អហិង្សានាំមកនូវសុខសាន្ត
គោលការណ៍អហិង្សានាំមកនូវសុខសាន្ត នេះជាការលើកឡើងរបស់លោក មុត ចន្ថា នាយកខុទ្ទការល័យរបស់លោក កឹម សុខា។
នាយកខុទ្ទការល័យលោកកឹម សុខា សរសេរនៅក្នុងហ្វេសបុករបស់ខ្លួននៅព្រឹកនេះថា កម្ពុជា និងពលរដ្ឋខ្មែរបានឆ្លងកាត់ការឈឺចាប់មិនអាចពណ៌នាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំង អំពើប្រល័យពូជសាសន៍ឯង ការឈ្លានពានពីរបរទេស និងសង្រ្គាមស៉ីវិលរវាងភាគីខ្មែរនិងភាគីខ្មែរ។
ជាមួយញគ្នានេះដែរលោកមុត ចន្ថា បានលើកឡើងពីទស្សនៈ លោក កឹម សុខា ថា «សូមគ្រប់ភាគីខ្មែរងាកមកមើលពីគុណសម្បត្តិគ្នា កសាងជំនឿទុកចិត្តគ្នា តាមរយៈការផ្តល់នូវយុត្តិធម៌ឲ្យគ្នា ដោយចាប់ផ្តើមពីអ្នកដែលប្រាថ្នារួមរស់ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ»។
លោកថា យើងនៅចាំយ៉ាងច្បាស់ថា ឯកឧត្តម កឹម សុខា និងគោលការណ៍របស់គណបក្សសង្រ្គោះជាតិ(CNRP)ដែលត្រូវបានរំលាយ គឺមិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយដោយហិង្សាជាដាច់ខាត។ ជារឿយៗ ឯកឧត្តម កឹម សុខា ក្នុងនាមប្រធានគណបក្ស តែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ជាសារធារណៈថារូបលោក ក៏ដូចជាគណបក្ស ឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍អហឹង្សា។ អ្នកណាចង់ប្រើអំពើហឹង្សាទៅណាឲ្យឆ្ងាយពីCNRP។
លោកបន្ថែមថា ដំណោះស្រាយសន្តិវិធី គឺជាបំណងប្រាថ្នារបសើ ឯកឧត្តម កឹម សុខា គឺដំណោះស្រាយដោយទឹកពន្លត់ភ្លើង មិនមែនយកសាំងចាក់លើភ្លើងឡើយ។ មធ្យោបាយបាតុកម្មមានចរិតញុះញង់ ឬបដិវត្តន៍(ពណ៌) ឬរដ្ឋប្រហារ គឺមិនមែនជាជម្រើសរបស់យើងឡើយ៕