BREAKING NEWS៖ដូណាល់ ត្រាំ បានប្រកាសថា គ្មានកងទ័ពណាម្នាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់នោះទេអាមេរិកនឹងបន្តដាក់ទណ្ឌកម្មអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានបញ្ជាក់ដូច្នេះថា៖ «គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ។ កងទ័ពរបស់យើងទាំងអស់មានសុវត្ថិភាព ហើយមូលដ្ឋានយោធារបស់យើងក៏រងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។