អភិបាលខេត្តប៉ៃលិន៖ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពុំមានទេវិស័យអប់រំកាយ និងកីឡា មានតែការបំផ្លិចបំផ្លាញ ការកាប់សម្លាប់ ការធ្វើបាប ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងបង្អត់អាហារ

(ប៉ៃលិន)៖ មានប្រសាសន៍នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ អភិបាលខេត្ត ដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២០ នៅទីលានតារាងបាល់ទាត់សួនរីករាយ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងដូច្នោះ ដើម្បីឲ្យមហាបានដឹងនូវតម្លៃសន្តិភាព ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា៖ ជាការពិតវិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែលរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយ មានសារៈសំខាន់ ចំពោះជាតិ ក្នុងការអភិវឌ្ឍ កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ជាក់ស្ដែង បើយើងក្រឡេកមើល លើគ្រប់វិស័យនៅមុនថ្ងៃរំដោះ ឆ្នាំ១៩៧៩ គឺក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺគ្មានឡើយ មានតែការបំផ្លិចបំផ្លាញ ការកាប់សម្លាប់ ការធ្វើបាប ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងបង្អត់អាហារ ឱ្យរស់នៅស្ទើរងាប់ បង្ខំឱ្យធ្វើការហួសកម្លាំង ការចាប់ដាក់គុក ដាក់ខ្នោះ វាយដំ ធ្វើឱ្យវិនាសហិនហោចខ្លោចផ្សារ និរាសូព្រាត់ប្រាស់ប្ដីប្រពន្ធ-កូនចៅ សាច់សាលោហិត បងប្អូន ប្រសារ…។ល។ ម្យ៉ាងទៀត នៅសម័យនោះ គ្មានទេវិស័យអប់រំ សាលារៀន និងគ្រឹះស្ថានសិក្សានានា ត្រូវបានរុះរើ ដុតបំផ្លាញ ខ្ទេចខ្ទីអស់គ្មានសល់ ដូច្នេះសូមអំពាវនាវ ដល់ប្អូនៗ យុវជនជំនាន់ក្រោយ ត្រូវតែចងចាំ និងយល់ដឹងជានិច្ច ហើយធ្វើយ៉ាងណា កុំឱ្យរបបឃោរឃៅ ព្រៃផ្សៃយង់ឃ្នង ដែលកើតមាន ដោយកម្រនៅលើពីភពលោកយើងនេះ វិលមកកើតមាន នៅលើទឹកដីមាតុភូមិកម្ពុជា ជាលើកទី២ ម្តងទៀតនោះឡើយ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៍បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ លើកស្ទួយវិស័យកីឡា ក្នុងខេត្តរបស់យើង ឱ្យមានការរីកចម្រើន ជាពិសេសបាន ផ្តល់ឱកាស ដល់យុវជន បានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ ហើយក៍បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាពផងដែរ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការប្រកួតដណ្តើមពានរង្វាន់ លោក ផាន់ ចាន់ធុល អភិបាលខេត្ត គឺដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នាពេលនេះ គឺបានប្រព្រឹត្តទៅអស់រយះពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ មករា ដល់ ថ្ងៃទី០៧ មករា ឆ្នាំ២០២០ ដោយការប្រកួតនេះមានក្រុមកីឡាករចូលរួមចំនួន ១១ក្រុម ហើយជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមតោចាស់របស់មណ្ឌលកុមារកំព្រាខេត្ត,ចំណាត់ថ្នាក់លេខ២ ក្រុមសាលាខេត្តប៉ៃលិន, ចំណាត់ថ្នាក់លេខ៣ ក្រុមផែស្ងួត SOFIA FC, និងក្រុមចំណាត់ថ្នាក់លេខ៣ស្ទួន ក្រុមឃុំស្ទឹងត្រង់ ដោយឡែកក្រុមលេងមានសីលធម៌ល្អបានទៅលើក្រុមមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ( FAMILY FC) ចំពោះពានរង្វាន់ ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានផ្តល់ជូនក្រុមកីឡាករ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិការចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានថវិការចំនួន ២លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ១លានរៀល ៥សែនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds