មានព័ត៌មានក្នុងស្រុកមួយថា មីស៊ីលអុីរ៉ង់ ច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើរ១គ្រឿង
តេហេរ៉ង់៖ សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ១គ្រឿង បានធ្លាក់នៅចំទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ ដោយមានផ្ទុកមនុស្ស ១៨០នាក់។ ភ្នាក់ងារសារព័ត៌មាន Al Hadath នៅអ៊ីរ៉ង់ បានរាយការណ៍ថា យន្តហោះនេះ អាចធ្លាក់ដោយសារតែការបាញ់ច្រឡំ របស់អ៊ីរ៉ង់។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ។
នៅព្រឹកនេះ អ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពចំនួន២របស់អាមេរិក ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ និងការខូចខាតនោះទេ។
សេចក្ដីរាយការណ៍ពីអ៊ីរ៉ង់បន្តថា ជើងហោះហើរប្រភេទ Boeing 737 មួយគ្រឿង ដែលធ្លាក់ ជារបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ក្រោយហោះចាកចេញពីព្រលានយន្តហោះអន្តរជាតិ Imam Khomeini នៅទីក្រុងតេហេរ៉ង់ ដើម្បីឆ្ពោះទៅកាន់រដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែន។ មិនទាន់មានសេចក្ដីរាយការណ៍លម្អិត ជុំវិញការធ្លាក់នេះទេ៕