ម្ចាស់សណ្ឋាគារ(ធ្វីន)សុំច្បាប់អនុញ្ញាតសាងសង់បាន៥ជាន់ តែសង់ឡើងដល់៧ជាន់
កំពត ៖ ប្រជាពលរដ្ឋខេត្តកំពត បានរាយការណ៍ឱ្យដឹងថា សណ្ឋាគារ (ធ្វីន)បានសាងសង់លើសច្បាប់អនុញ្ញាត បន្ថែម២ជាន់ទៀត មានកម្ពស់ដល់៧ជាន់ ខ្ពស់សន្លឹម ធ្វើឱ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង នូវហានីភ័យគ្រោះថ្នាក់ ជាយថាហេតុណាមួយ អាចបណ្តាលពីការស្រុះ ប្រេះ ស្រាំ បាក់រលំ ខណៈថ្មីៗនេះ អគារ៧ជាន់នៅខេត្តកែបបានបាក់រលំសង្កត់មនុស្ស៥៩នាក់ ក្នុងនោះ៣៦នាក់ស្លាប់ និង២៣នាក់ រស់រានមានជីវិត។
សណ្ឋាគារ (ធ្វីន) ស្ថិតនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត ដែលមានម្ចាស់ឈ្មោះ ឱម សីហា មានច្បាប់អនុញ្ញាតឱ្យសាងសង់ត្រឹម៥ជាន់ ប៉ុន្តែម្ចាស់សណ្ឋាគារនេះ អគារ៧ជាន់បាក់រលំនៅខេត្តកែប មានច្បាប់អនុញ្ញាតបាន៥ជាន់ ប៉ុន្តែម្ចាស់សំណង់សង់ដល់៧ជាន់ និងធ្វើគ្មានបទដ្ឋានបច្ចេកទេស៖ ទី១- ប្លង់សេគេចាត់បេតុងក្នុងរយៈពេលជាង២០ថ្ងៃឡើង ទើបដោះពុម តែបែបជាគេចាក់ប្លង់សេបានមិនដល់១០ថ្ងៃផង ដោះរើពុមចេញ។ ទី២- ច្បាប់អនុញ្ញាតឱ្យសាងសង់៥ជាន់ ធ្វើដល់៧ជាន់ និងលួចកេងដែក ដាក់មិនគ្រប់តាមបច្ចេកទេស ពិសេសដែកគ្មានគុណភាពថែមទៀត។
ក្តីព្រួយបារម្ភនេះ បានធ្លាក់មកដល់ខេត្តកំពតវិញម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់សំណង់សណ្ឋាគារ (ធ្វីន) ខ្លាចសំណង់មួយនេះ មានបញ្ហាដ៏អាក្រក់ណាមួយកើតឡើងជាយថាហេតុ ព្រោះច្បាប់អនុញ្ញាតឱ្យសាងសង់៥ជាន់ បែរជាសង់ដល់៧ជាន់ឯណោះ។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់បានឃើញខាងជំនាញ នៃអង្គភាពមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះមកហាមឃាត់ផ្អាកការសាងសង់ចំនួន៤ដងមកហើយ តែជាលទ្ធផលម្ចាស់សំណង់សណ្ឋាគារ (ធ្វីន) នៅតែបន្តសាងសង់ស្ទើររួចរាល់១០០ភាគរយទៅហើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានអោយដឹងថា រឿងសំណង់នេះ ពិតជាបានហាមឃាត់ផ្អាកពិតមែន ដើម្បីឱ្យខាងជំនាញពិនិត្យលើបទដ្ឋានបច្ចេកទេស ស្តង់ដារ គ្រឹះ តើអាចមានការទ្រទំងន់នោះបានឬទេ។
លោក ដាញ់ សារី បន្តថា បើម្ចាស់សណ្ឋាគារ គាត់បានធានាថា គ្រឹះសំណង់គាត់អាចទ្រទម្ងន់បាន និងមានជើងព្យាង្គរឹងមាំ ប៉ុន្តែខាងជំនាញលោកត្រូវការឧបករណ៍ស្ទង់ពិនិត្យ ពិសោធន៍មើលសិន។
ទាក់ទិនទៅនឹងច្បាប់អនុញ្ញាតឱ្យសាង់សង់តែ៥ជាន់ សង់ឡើងដល់៧ជាន់ ត្រូវលោក ដាញ់ សារី បានអោយដឹងថា មិនមែនជាបញ្ហាអីទេ សំខាន់ឱ្យតែគាត់បុកគ្រឹះរឹងមាំ និងពិនិត្យជាក់ស្តែងបញ្ជាក់ថា គាត់(ម្ចាស់សណ្ឋាគារធ្វីន)បុកគ្រឹៈតម្រូវលើសពី៥ជាន់ ពីព្រោះសំណង់នីមួយៗ គេមិនធ្វើតែតាមកំណត់នោះទេ គឺគេបុកគ្រឹះឱ្យលើសពីនេះ ប្រយោជន៍ស្នើសុំសាងសង់បន្តទៀត។
លោក ដាញ់ សារី បញ្ជាក់ថា សំណង់នេះសុំច្បាប់អនុញ្ញាតត្រឹមខេត្តទេ មិនដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទេ ដោយសារមានទំហំតិចជាង៣០០០ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយក៏ខាងជំនាញរបស់លោកបន្តបង្កើតក្រុមការងារពិនិត្យលើសំណង់សណ្ឋាគារ(ធ្វីន)នេះ។
ដោយឡែក លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់ថា កុំថាឡើយប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាសំណង់នោះ គឺរដ្ឋបាលសាលាខេត្តព្រួយជាងប្រជាពលរដ្ឋទៅទៀត លើការទទួលខុសត្រូវ ពិនិត្យ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងនោះ ពេលចូលធ្វើការវិញ លោកបានរៀបចំបង្កើតក្រុមគណៈកម្មការមួយចុះត្រួតពិនិត្យលើសំណង់នេះ ប៉ុន្តែជាជំហានដំបូងកំពុងចាត់វិធានការផ្អាកសំណង់សាលារៀនចិនមួយសិន ដោយសារព្រួយបារម្ភហានីភ័យគ្រោះថ្នាក់ដល់សិស្សសាលាមិនតិចជាង២០០នាក់រៀននៅទីនោះ។
លោកអភិបាលបន្តថា ខ្ញុំនឹងចាត់ការបន្តចំពោះសំណង់សណ្ឋាគារ(ធ្វីន) តាមរយៈបង្កើតក្រុមការងារពិនិត្យពេលដល់ថ្ងៃចូលធ្វើការវិញ។