សម្តេច​តេជោ​ ហ៊ុន សែន​ ព្រមាន​សង្វៀនប្រដាល់ខ្លះរឿងកាត់ក្តីមិនសមហេតុផល

ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ ម៉ោង10:08AM

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​លើក​ឡើង​ធ្ងន់​ៗ​អំពី​ក្រម​សីល​ធម៌​​របស់​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​​នៃ​ការ​ប្រកួត​កីឡា​នានា​ ជា​ពិសេស​កីឡា​បាល់ទាត់​ និង​កីឡា​ប្រដាល់​គុន​ខ្មែរ។

ថ្លែង​​ទៅ​កាន់​​កីឡាករ​ កីឡា​ការិនី​ ចៅ​ក្រម​ អាជ្ញា​កណ្តាល​ និង​មន្ត្រី​កីឡា​នានា​នៃ​​ពិធី​ពិសា​អាហារ​សាមគ្គី​​ក្នុង​មហា​គ្រួសារ​កីឡា​កម្ពុជា​កាល​ពី​ល្ងាច​មិញ​នៅ​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន​ បាន​អំពាវ​នាវ​ដល់​​វិស័យ​កីឡា​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​បណ្តុះបណ្តាល​អំពី​ចៅ​ក្រម​ អាជ្ញា​កណ្តាល​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់​​ក្នុង​ការ​ដាក់​ពិន្ទុ​​ឲ្យ​មាន​ភាព​សុក្រឹត​​​ដើម្បី​​កុំ​ឲ្យ​បំបាក់​ទឹក​​ចិត្ត​កីឡាករ​ កីឡា​ការិនី​ និង​កិត្តិយស​ជាតិ​ខ្មែរ។

សម្តេច​តេជោ​បាន​លើក​ឡើង​​ថា ជា​ពិសេស​​អាជ្ញា​កណ្តាល​សម្រាប់​កីឡា​ប្រដាល់ និង​កីឡា​បាល់ទាត់​ដែល​​កីឡា​ទាំង​ពីរ​ប្រភេទ​នេះ​ច្រើន​តែ​​កើត​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​អាជ្ញា​កណ្តាល​ចៅ​ក្រម។ សម្តេច​សង្កត់​ថា​ ៖«ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ ដោយ​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ នៅ​ស្ថានីយ​ទូរទស្សន៍​ខ្លះ​ ខ្ញុំ​បាន​មើល​ផ្ទាល់​នៃ​ការ​ប្រកួត​ទាំង​នោះ។ ខ្ញុំ​មិន​យល់​ទេ​ថា​ ហេតុ​អ្វី​ទៅ​​បាន​ជា​ការ​ប្រកួត​ខ្លះ សូម្បី​​កីឡា​កន្លែង​ខ្លះ​ បើ​សិន​ខ្មែរ​វ៉ៃ​បរទេស​មិន​ដួល​ទេ​ បាន​សេចក្ដី​ថា ខ្មែរ​ចាញ់​ជា​រៀង​រហូត។ នេះ​ជា​រឿង​ពិត​ដែល​ខ្ញុំ​មិន​ចង្អុល​បង្ហាញ​ថា ទូរទស្សន៍​មួយ​ណា​ទេ ក៏​ប៉ុន្តែ​បើ​សិន​កន្លែង​នោះ​ មិន​មិនធ្វើ​ការ​កែ​ប្រែ​ទេ ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​ចង្អុល​ចំ​ឈ្មោះ​ ខ្ញុំ​នឹង​ឲ្យ​ Replay ​ឡើង​វិញ»។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​លើក​ករណី​ជាក់​ស្តែង​រវាង​កីឡាករ​ កែវ រំចង់​ និង​ ឡុង សុវណ្ណឌឿន​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ។ សម្តេច​លើក​ចំ​ឈ្មោះ​ទូរទស្សន៍​បាយ័ន​ដោយ​សារ​ជា​ទូរទស្សន៍​កូន​ស្រី​របស់​សម្តេច។

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ទូរទស្សន៍​ដែល​សម្តេច​មិន​បាន​លើក​ចំ​ឈ្មោះ​ សូម្បី​កុំ​ភ្លេច​ថា​ សម្តេច​តាម​ដាន​រៀង​រាល់​ការ​ប្រកួត​ ហើយ​ភរិយា​របស់​សម្តេច​បាន​​ឧបត្ថម្ភ​​ជា​ច្រើន​មក​ហើយ​សម្រាប់​កីឡាករ​ប្រដាល់​កម្ពុជា​ រាប់​ទាំង​កីឡាករ​ប្រដាល់​ដែល​ចាញ់​ដោយ​អយុត្តិធម៌​ផង​ដែរ។​

«ខ្ញុំ​សូម​ដាស់​តឿន​ចំពោះ​អាជ្ញា​កណ្តាល​ នៃ​ការ​ប្រកួត​ដែល​ផ្សាយ​ផ្ទាល់​ ​សូម​កុំ​ភ្លេច​ថា មាន​ពេល​ខ្លះ​ ​ខ្ញុំ​ត្រូវ​ថត​ទុក​តែ​ម្តង​ ដើម្បី​ខ្ញុំ​រង​ចាំ​មើល​ ព្រោះ​បើ​សិន​ជា​វ៉ៃ​កីឡាករ​បរទេស​មិន​ដួល​ទេ​ គឺ​បាន​សេចក្តី​ថា​ ត្រូវ​ចាញ់​គេ​ស្វ័យប្រវត្តិ​តែ​ម្តង។ ខ្ញុំ​មិន​ដឹង​ថា​ លក្ខណ​នៃ​ការ​ប្រកួត​នោះ​បែប​ណា​ទេ។ សូម​យក​ចិត្ត​ទុក​ដាក់​មែន។ អីចឹង​​សុំ​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​​បណ្តុះ​បណ្តាល​​អាជ្ញា​កណ្តាល​ និង​ក្រម​សីលធម៌​នៃ​អាជ្ញា​កណ្តាល។ ប្រសិន​បើ​​មិន​ធ្វើ​ការ​កែ​ប្រែ​ទេ​ ខ្ញុំ​នឹង​ចេញ​មុខ​ ​ដោះ​ស្រាយ​ជូន​កីឡាករ​របស់​យើង​ ព្រោះ​​ពួក​គេ​រង​នូវ​អំពើ​អយុត្តិធម៌»។

សម្តេច​តេជោ​បន្ថែម​ថា ៖«មាន​កន្លែង​ខ្លះ​ ប្រសិន​បើ​កីឡាករ​បរទេស​វ៉ៃ​កីឡាករ​ខ្មែរ​មិន​ដួល​ទេ​ ក៏​កីឡាករ​បរទេស​នោះ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​ដែរ។ នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កីឡាករ។ ខ្ញុំ​មិន​កាន់​ជើង​បរទេស​ ហើយ​ក៏​មិន​កាន់​ជើង​​ខ្មែរ​។ ទូរទស្សន៍​ខ្លះ​ កីឡាករ​ខ្មែរ​វ៉ៃ​កីឡាករ​បរទេស​ឲ្យ​ដួល​ ទើប​បាន​ឲ្យ​កីឡាករ​ខ្មែរ​ឈ្នះ​ ហើយ​ទូរទស្សន៍​ខ្លះ​ ទាល់​តែ​កីឡាករ​បរទេស​ខ្លះ​វ៉ៃ​កីឡាករ​ខ្មែរ​ឲ្យ​ដួល​ទើប​ឲ្យ​កីឡាករ​បរទេស​ឈ្នះ»។

ការ​លើក​ឡើង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​​ក្រោយ​នេះ​មាន​បញ្ហា​អសកម្ម​នៅ​តាម​សង្វៀន​ប្រដាល់​មួយ​ចំនួន​ដែល​ពេល​​ខ្លះ​ហាក់​លំអៀង​ទៅ​ខាង​​កីឡាករ​ខ្មែរ​ ហើយ​ពេល​ខ្លះ​​ហាក់​លំអៀង​ទៅ​កីឡាករ​បរទេស​ដែល​ធ្វើ​ឲ្យ​មហា​ជន​រិះ​គន់​យ៉ាង​ចាស់​ដៃ៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds