នាយករដ្ឋមន្ត្រីកម្ពុជាថា ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ
(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ឬហៅថាផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៩ បានកើនឡើងដល់១ ៦៧៩ ដុល្លារអាមេរិក ដែលបានកើនឡើងពី ១ ៥៤៨ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ អត្រាភាពក្រីក្រក៏ត្រូវបានកាត់បន្ថយកាន់តែទាបទៅៗ មកនូវត្រឹមក្រោម១០% ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។
សម្តេច ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះ នៅក្នុងឱកាសសម្ដេចអញ្ជើញបើកពិធិមីទ្ទីងរំឭកខួបលើកទី ៤១ នៃទិវាជ័យជម្នះ៧មករា នៅព្រឹកថ្ងៃទី ០៧ មករា ឆ្នាំ២០២០នេះ។
បើតាមសម្តេច ហ៊ុន សែន ផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៩ ដែលបានកើនឡើងដល់១ ៦៧៩ ដុល្លារអាមេរិកនេះ គឺដោយឈរលើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កានៃកំណើន ដោយធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល។ ក្នុងនោះដែរ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម ១០% នាពេលបច្ចុប្បន្ននេះ ខណៈដែលអត្រាភាពគ្មានការងារធ្វើវិញគឺមានប្រមាណតែ០,៣% ប៉ុណ្ណោះ។
សម្ដេច ហ៊ុន សែន បន្តថាចំណូលគយឆ្នាំ ២០១៩នេះ អាចកើនលើសផែនការ ៨០០ លានដុល្លារ ។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា រាល់ការរីកចម្រើនទាំងអស់នេះ គឺមិនអាចខ្វះបានឡើយនូវការរក្សាបាននូវសុខសន្ដិភាព។ មានសន្ដិភាព ទើបធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ដ សម្បូរសប្បាយរបស់ប្រជាជន មានសន្ដិភាពទើបធានាដល់ការស្ថិតស្ថិរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។ បើយើងបាត់បង់សន្ដិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែនក៏បានសង្កត់ធ្ងន់ដែរ សម្ដេច នឹងខិតខំធ្វើយ៉ាងណាប្រឹងប្រែងធ្វើឲ្យសង្គមជាតិកាន់តែរីកចម្រើនខ្លាំងក្លា ប្រជាជនកាន់តែមានជីវភាពធូរធារ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសចំណុលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ស្ថិរភាពនយោបាយក៏បានផ្ដល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការបណ្ដាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្ដសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិក៏មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ៕