ស្វែងយល់ពីប្រវត្តិថ្ងៃជ័យជម្នះ៧មករា ដែលប្រទេសកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ)៖ កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់តាមរយៈការដឹកនាំផ្តាច់ការ មហាលោតផ្លោះ មហាអស្ចារ្យ ងុបងុលនឹងមនោគមវិទ្យាកុម្មុយនិស្តឆ្អិនឆ្អៅ។ ប្រជាជនកម្ពុជាស្លូតត្រង់ជាងបីលាននាក់បានស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម សម្លាប់ ការធ្វើវិសុទ្ធកម្មផ្ទៃក្នុង បង្អត់អាហារ និងគ្មានថ្នាំសង្កូវព្យាបាល ព្រមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀត។
របបឃោរឃៅខ្មែរក្រហម បានបាត់បងនូវការគាំទ្រពីប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋជាពិសេសកម្លាំងពលកម្មជាតិប្រមាណ ១\៣ បានស្លាប់បាត់បងជីវិត។ ចំណែកជនរងគ្រោះដែលរួចរស់ជីវិត ពីអំពើយង់ឃ្នងព្រៃផ្សៃនៃរបបខ្មែរក្រហម បានរស់នៅក្នុងឈាមនិងទឹកភ្នែក វិបត្តិផ្លូវចិត្ត និងការរងទុក្ខសោក ដោយសារតែស្លាកស្នាមរបួស ផ្លូវកាយ និងផ្លូវចិត្តពីរបបដ៏អមនុស្សធម៌នេះ និងខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសកម្ពុជាដ៏កម្សត់នេះឡើងវិញ។
ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីក្រញ៉ាំដៃបីសាចខ្មែរក្រហម យកជីវិតធ្វើជាដើមទុនដោយរួមកម្លាំងគ្នា សាមគ្គីគ្នាជាជ្លុងមួយបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួលខេត្តក្រចេះ និងឈានទៅដល់ការវាយរំដោះប្រទេស និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ដោយមានជំនួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរួមគ្នាជាមួយបងប្អូនជនរងគ្រោះ ដែលនៅរស់រានមានជីវិត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចេញពីគំនរផេះផង់ដោយដៃម្ខាងខិតខំការពារជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិឡើងវិញ។
ជាតិនិងប្រជាជនកម្ពុជារយៈពេល ៤១ឆ្នាំមុន ពិតជាអភ័ព្ធណាស់ដែលរងគ្រោះដោយអំពើប្រល័យពូជសាសន៍ខ្មែរក្រហមហើយ ខិតខំរើបម្រះប្រឆាំងនឹងរបបមហាប្រល័យនេះ សង្គ្រោះជាតិ និងប្រជាជនឱ្យរស់រានមានជីវិតវិញ ប៉ុន្តែត្រូវបានទទួលរងនូវការដាក់សម្ពាធនយោបាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ពីសំណាក់ក្រុមបស្ទឹមប្រទេសប្រឆាំង នឹងការរស់រានមានជីវិតឡើងវិញរបស់កម្ពុជា។ បើគ្មានការវាយរំដោះប្រទេសពីខ្មែរក្រហមនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏បិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ឥសីប្រស់កម្ពុជាឱ្យរស់ឡើងវិញ មិនអាចជួបគ្នានៅថ្ងៃទី២ ធ្នូ ឆ្នាំ ១៩៨៧ នៅប្រទេសបារាំងដើម្បីផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែរ និងក៏មិនអាចមានឱកាសបញ្ចប់សង្គ្រាមស៊ីវិល បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិមាតុភូមិក្រោមការ អនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ឡើយ។ បើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏កម្ពុជាគ្មានឱកាសកសាងជាតិដូចសព្វថ្ងៃនេះ និងក៏ទំនងគ្មានវត្តមានកម្ពុជា នៅលើឆាកអន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃនេះដែរ។
៤១ឆ្នាំក្រោយការដួលរំលំរបបខ្មែរក្រហម បំផ្លាញជាតិ បំផ្លាញប្រជាជន ជាតិនិងប្រជាជនកម្ពុជាពិតជាមិនត្រូវការរបបដ៏ខ្មៅងងឹតនេះវិលត្រឡប់វិលវិញឡើយ។ សន្តិភាព ស្ថិរភាពជាតិ ឯករាជភាពជាតិ បូរណភាពទឹកដី ការអភិវឌ្ឍគឺជាអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា មាននេះឱ្យបាន ស្ថិតស្ថេរជាយូរអង្វែង សម្រាប់មនុស្សជាច្រើនជំនាន់បន្តទៀត ព្រោះការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចប្រព្រឹត្តទៅបានក្រោមភ្នក់ភ្លើងសង្គ្រាម ស្នូរគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែកបានឡើយ។
ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ ប្រកបដោយសុខសន្តិភាព៕