អតីតមេដឹកនាំបក្សប្រឆាំង ផ្តល់ប្រាក់២,០០០ដុល្លារសម្រាប់ចូលរួមជួយដល់ជនរងគ្រោះ ដែលបាករលំអគារនៅកែប

 

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរលោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ ចំពោះអតីតមេបក្សប្រឆាំងនេះបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងឧបត្ថម្ភថវិកាខ្លះៗ ក្នុងករណីបាក់រលំអាគារនៅខេត្តកែប អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា បានចូលរួមចំណែកជាថវិកាចំនួន ២,០០០ដុល្លារសម្រាប់ចូលរួមជួយដល់ជនរងគ្រោះ។

តាមរយៈទំព័រហ្វេសបុករបស់នាយកខុទ្ទការល័យលោកកឹម សុខា បានលើកឡើងនៅរសៀលថ្ងៃទី៥ ខែមករានេះថា សោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្រ្គោះៗ។

នាយកខុទ្ទការល័យលោកកឹម សុខា លោកមុត ចន្ថា បានលើកឡើងថា ក្រោយពីបានទទួលដំណឹងយ៉ាងរន្ធត់ និងដ៏ក្រៀមក្រំបំផុត ដែលទាក់ទិននឹងឧបទ្ទវហេតុរលំបាក់អគារ នៅក្រុងនិងខេត្តកែប កាលពីថ្ងៃទី៣ ខែមករា រួចមក លោក កឹម សុខា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិត និងរងរបួសយ៉ាងអណោចអធមនៅក្នុងហេតុការណ៍នេះ។

បន្ថែមពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារក្នុងហេតុការណ៍បាក់រលំអគារ ទោះបីជាតិចតួចក្តី លោក កឹម សុខា បានចូលរួមចំណែកជាថវិកាដោយទឹកចិត្តសប្បុរសនិងដោយក្តីអាណិតអាសូរដ៏រន្ធត់ នូវទឹកប្រាក់ចំនួន ២,០០០ដុល្លារ សម្រាប់ចូលរួមជួយដល់ជនរងគ្រោះ។

ក្រៅពីនេះដែរលោក កឹម សុខា បានប្រាប់ទៅសហការីឲ្យចូលរួមដោយសប្បុរស ព្រោះជារឿងសោកនាត្យកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្រ្គោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds