ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកថវិកា ១ម៉ឺនដុល្លារ ចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះ ដែលបណ្ដាលមកពីការបាក់រលំអគារនៅខេត្តកែប
(កែប)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះបណ្ដាលមកពីការបាក់រលំអគារនៅខេត្តកែប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក នាំយកគ្រឿងឧបភោគបរិភោគរួមមានដូចជា ចេក នំ ចំណី និងទឹកបរិសុទ្ធ ទៅចែកជូនដល់ក្រុមការងារជួយសង្គ្រោះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចែកជូនជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួននៅខេត្តកែបផងដែរ។
សូមបញ្ជាក់ថា អគារបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០-៤០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕