ជីជី បាននិយាយថា នាងមិនមែននារីលក់ខ្លួនដូចអ្នកសិល្បៈខ្លះទេ !
ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីជីជី បានចំអកថា នាងមិនមែនជានារីលក់ខ្លួនដូចអ្នកដែលនិយាយដើមនាងនោះទេ ។ ជីជី ចំអកបែបនេះបន្ទាប់ពីនាងដឹងថាអ្នកសិល្បៈមួយចំនួននិយាយដើមនាងបែបបង្អាប់បន្តុះ ។ ដោយស្កៀបចិត្តពេក ជីជី បានរំលើកបើកកកាយពីអ្នកសិល្បៈដូចគ្នាមួយចំនួនដែលនាំគ្នាពេបជ្រាយចំពោះរូបនាងថាធ្លាក់ខ្លួនលក់លៀសហាល ទោះបីមុខរបរដ៏សាមញ្ញនេះនាងបានផ្សព្វផ្សាយជាសាធារណៈមិនលាក់លៀមក្តី៕
ជីជី មិនសប្បាយចិត្តទេ នៅពេលដែលនាងបានឮពាក្យពេបជ្រាយចេញពីចង្កោមអ្នកសិល្បៈដូចគ្នា ។ គេពេបជ្រាយបន្តុះបង្អាប់រូបនាងថាក្នុងនាមជាតារាមួយរូបដែរមិនគួរធ្លាក់ខ្លួនបែបនេះឡើយ ។
ជី ជី បានចាត់ទុកពាក្យសម្តីដែលបានជះមកលើរូបនាងនេះ គឺជាមនុស្សដែលទំនេរចាំតែឈ្នានីស បើទោះបីជាមុខរបររបស់នាងជាមុខរបរសុចរិត កើតចេញការពេញចិត្ត និងកម្លាំងញើសឈាមរបស់នាងដោយផ្ទាល់ក៏ដោយ ។
សំណេរដែលជីជី បានសរសេរបង្ហោះតាមហ្វេសប៊ុកនាពេល ថ្មីៗកន្លងមកថា«ជូនចំពោះអ្នកសិល្បៈមួយចំនួន អរគុណណាស់ដែលបានយកខ្ញុំធ្វើជាប្រធានបទរបស់អ្នក ប្រហែលមកពីអ្នកទំនេរពេក ឯខ្ញុំរវល់ដែរ តែរវល់រឿងរកស៊ី ហើយរវល់រឿងលក់លៀសដែលអ្នកនិយាយហ្នឹងហើយ ! «ម៉េចវាធ្លាក់ខ្លួនលក់លៀសអ៊ីចឹង ធ្វើតារាទៅលក់លៀស?» ។
តោះចម្លើយ៖ ចុះបើខ្ញុំលក់លៀស តើវាទើសអ្នកត្រង់ណា ? ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាន គ្រប់មុខរបរសុចរិតគឺសុទ្ធតែមានតម្លៃ មុខរបរខ្ញុំ ញើសឈាមខ្ញុំ កម្លាំងខ្ញុំ ហើយខ្ញុំលក់លៀស គឺមិនមែនលក់ខ្លួនដូចអ្នក ! យល់នៅ ? ព្រុសគេឲ្យមើលកន្ទុយខ្លួនឯងផង ខ្ញុំលក់លៀសមិនមែន SK.SP ដូចអ្នកទេ ចូរចងចាំ»។
ជីជី បានលក់លៀសហាល ប្រមាណជា ២ខែមកហើយ ដោយលៀសហាលរបស់នាង តម្លៃ៥០០០រៀលក្នុង១កំប៉ុង ។ ក្រៅពីរបរនេះ និងអាជីពពិធីការិនីនៅទូរទស្សន៍ស៊ីធីអិន ជីជី ក៏ជាម្ចាស់អាជីវកម្ម Spicy Soup ដែរ ដែលបានបើកដំណើររយៈពេលយូរមកហើយ។
បើទោះបីជាតារាសម្តែង និងជាពិធីការិនីល្បីឈ្មោះម្នាក់ក៏ដោយ ប៉ុន្តែមុខរបរលក់លៀសហាលរបស់ជីជី មិនត្រូវនាងលាក់លៀមឡើយ ពោលគឺតែងតែផ្សព្វផ្សាយតាមហ្វេសប៊ុក និងនៅលើឆាកតន្ត្រីជាបន្តបន្ទាប់។មុខរបរលក់លៀសហាលរបស់ជីជី លក់ដាច់គ្រាន់បើ ជាពិសេសនោះគេសង្កេតឃើញមានអ្នកសិល្បៈដែលជាមិត្តភក្តិជិតស្និទ្ធរបស់នាងតែងតែជួយទិញនាង ៕