ស្លាប់ទៀតហើយ! គ្លីនិកឯកជនឈ្មោះ យឹម ផល្លា នៅកំពង់ឆ្នាំង រងការចោទថាសម្រាលកូនបណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូន

(កំពង់ឆ្នាំង)៖ គ្លីនិកឯកជនឈ្មោះ យឹម ផល្លា
ស្ថិតនៅខាងជើងផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរងការចោទថា សម្រាលកូនបណ្តាលឲ្យ ស្រ្តីពោះធំគ្រប់ខែម្នាក់បានស្លាប់ទាំងម្តាយទាំងកូន ពេលទៅសម្រាលកូន ដោយសារពេលសម្រាលកូនរួច អ្នកជំងឺបានធ្លាក់ឈាមច្រើនពេក គ្រូពេទ្យជាអ្នកបង្កើតកូន មិនព្រមបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឲ្យបានទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ម្សិលមិញ។

លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ មានអាការៈធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេ ភ្លាមៗគាត់ក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លា ជាគ្រូពេទ្យម្នាក់ ផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ពេលនោះអ្នកគ្រូពេទ្យ ឃឹម ផល្លា បានបញ្ជាក់ប្រាប់ថា ប្អូនស្រីមិនអីទេ អាចសម្រាលនៅកន្លែងគាត់បាន គឺថ្លៃសេវាអស់តែមួយលានរៀលតែប៉ុណ្ណោះ។ ពេលឮដូច្នេះដោយ មានទំនុកចិត្តលើអ្នកគ្រូពេទ្យ យឹម ផល្លា ក្រុមគ្រួសារ និងប្តីស្រ្តីរងគ្រោះក៏សម្រេចចិត្តទុកប្រពន្ធឲ្យឆ្លងទន្លេនៅទីនោះតែម្ដងទៅ។

ប្តីស្ត្រីរងគ្រោះបានឲ្យដឹងទៀតថាះ ក្រោយពេលសម្រាលកូនរួច ទារកនោះអស់សង្ឃឹមបាត់ទៅហើយ ចំណែកស្ត្រីជាម្តាយក៏មានអាការៈចេះតែខ្សោយទៅៗ ដោយសារតែធ្លាក់ឈាមច្រើន ឃើញសភាពដូច្នេះ ក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យ ឃឹម ផល្លា បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះប្រពន្ធគាត់មិនស្រួលទេគឺកាន់តែខ្សោយទៅៗហើយ។ ពេលនោះគ្រូពេទ្យ ឃឹម ផល្លា ក៏សំរេចបញ្ជូន អ្នកជំងឺទៅមន្ទីរពេទ្យបង្អែកខេត្ត តែរឿងដែលគួរឲ្យសោកស្តាយនោះ ពេលបញ្ជូនស្រ្តីជាម្ដាយ និងទារកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលទៅហើយ គ្រូពេទ្យខេត្តមិនអាចជួយសង្គ្រោះបានឡើយ គឺប្រពន្ធគាត់ខ្សោយណាស់ទៅហើយ និងបានស្លាប់ទាំងម្តាយទាំងកូនបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។

ភ្លាមៗនោះគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានរៀបចំបញ្ជូនសពម្ដាយ និងកូនតាមរថយន្ដសាម៉ុយ មកកាន់លំនៅដ្ឋាននៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងទាំងយប់ ដោយមិនបានចេញជាលិខិត ស្នាមអ្វីឡើយ។
ជុំវិញរឿនេះនៅម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក សូរិន្ទី រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឆ្លើយបញ្ជាក់តាមទូរសព្ទឲ្យដឹងថា នៅម៉ោង៩យប់មិញ មន្ទីរពេទ្យខេត្តបានទទួលអ្នកជំងឺសម្រាលកូនខាងលើនេះ ដែលមានអាការៈឡេះឡះខ្សោយខ្លាំងណាស់ទៅហើយ ព្រោះតែធ្លាក់ឈាមច្រើនពេក ទោះបីក្រុមគ្រូពេទ្យជំនាញៗខិតខំជួយ សង្គ្រោះអស់ពីលទ្ធភាពហើយ ក៏ដោយតែមិនអាចជួយអ្នកជំងឺបានឡើយ នាងក៏បានស្លាប់ នៅម៉ោង៩៖៣០នាទីយប់។

រឿងនេះ ក្រុមគ្រូពេទ្យខេត្ត ពិតជាសោកស្តាយខ្លាំងណាស់ ដែលមកពីការបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យមានការយឺតយ៉ាវ។ លោកបានបញ្ជាក់ទៀតថា គ្រប់មន្ទីរពេទ្យ និងគ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះអ្នកជំងឺ ពិតជាមិនចង់ឲ្យអ្នកជំងឺណាម្នាក់ស្លាប់ ឬត្រូវគេប្តឹងនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds