ពលរដ្ឋនៅខេត្តព្រះសីហនុជិត៨ពាន់នាក់បាត់បង់ការងារធ្វើ ក្រោយពីកាស៊ីណូអនឡាញបានបិទ
(ព្រះសីហនុ)៖ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា
បានឱ្យដឹងថា កម្មករធ្វើការនៅកាស៊ីណូ ផ្នែកអនឡាញ ជាង ៧៧០០នាក់ បានបាត់បង់ការងារធ្វើ ក្រោយពេលជនជាតិចិន បិទការភ្នាល់ល្បែងតាមអ៊ីនធឹណិត (Online Game) ។ លោកបាន បញ្ជាក់ថាកម្មករទាំងនោះ ភាគច្រើនធ្លាប់ជាកម្មការិនីរោងចក្រកាត់ដេរ ហេតុនេះពួកគេមួយចំនួនធំបានត្រឡប់ទៅធ្វើការរបស់ខ្លួនពីមុនវិញផងដែរ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២១ ធ្នូឆ្នាំ២០១៩ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកំពត សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បន្ថែមបញ្ជា ឲ្យបិទល្បែងភ្នាល់តាមអ៊ីនធឹណិតនេះ ឲ្យអស់ត្រឹមចុងឆ្នាំ២០១៩ ដើម្បីស្រវាចាប់យកអ្នកវិនិយោគទុនល្អៗ ជាងអ្នកវិនិយោគទុនផ្នែកល្បែង។
សម្តេចតេជោ ក៏បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ថានឹងនាំមក នូវអ្នកវិនិយោគ ដែលសុចរិត ប្រកបដោយសុវត្ថិភាព និងសន្តិសុខ និងអ្នកវិនិយោគដែលមានប្រាក់កាក់មក រស់នៅកម្ពុជា មិនបង្កឱ្យមានបញ្ហាមិនល្អកើតឡើងដូចមុនឡើយ។
ការបិទល្បែងអនឡាញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ពីប្រសាសន៍របស់ ឯកឧត្តមគួច ចំរើនថា លោកបានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដែលកំពុងរកស៊ីលើវិស័យ កាស៊ីណូអនឡាញ ឱ្យចូលរួមអនុវត្តនូវសារាចរណែនាំលេខ ០៧សរណ ន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានល្អបំផុត ដើម្បីចជៀសវាងការប្រឈមចំពោះមុខច្បាប់។
អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធើណេតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ក្នុងព្រះរាជាណាចក្រកម្ពុជា និងបញ្ចប់សុពលភាព នៃអាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់ ចាប់ពីឆ្នាំ២០២០តទៅ៕