អធិការនគរបាលក្រុងប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យ ដែលកើតឡើងជាយថាហេតុ នារដូវធ្លាក់ខ្យល់នេះ
(ខេត្តប៉ៃលិន) អធិការនគរបាលក្រុងប៉ៃលិន មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ តាមទូរស័ព្ទ លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ៃលិន សូមមេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យ ដែលអាចនិងកើតមានឡើងជាយថាហេតុ ដោយប្រការណាមួយ និងធ្វើឲ្យបាត់បង់នូវទ្រព្យសម្បត្តិ ព្រមទាំងសម្ភារៈរបស់ខ្លូន ជាក់ស្តែងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
មានគ្រោះអគ្គីភ័យមួយ បានកើតឡើងនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្តាលអោយឆេះជង្រុកចំការ អស់ទាំងស្រុង ដែលមានទំហំ ០៨ម៉ែត្រx៥០ម៉ែត្រ ព្រមទាំងសម្ភារៈ របស់របរទាំងស្រុងផងដែរ។បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន មានប្រសាន៍ឲ្យដឹងថា៖ នៅរសៀលថ្ងៃនេះ ពិតជាមានករណីអគ្គីភ័យមួយ បានកើតឡើងនៅចំណុចភូមិ/សង្កាត់ ខាងលើមែន ដែលបណ្តាលឲ្យឆេះជង្រុកចំការ អស់ទាំងស្រុង ដោយទំហំ០៨ម៉ែត្រx៥០ម៉ែត្រ ក្នុងនោះក៍ខូចខាតសម្ភារៈ និងរបស់ របរទាំងស្រុងផងដែរ ដូចជា៖
ត្រាក់ទរ័ចំនួន ០១គ្រឿង,ម៉ាស៊ីនសំរាប់ដេរ សំលៀកបំពាក់ចំនួន ០១ឈុត,ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងឈើសំរាប់ទុកសាងសង់ផ្ទះ រួមទាំងរបស់ជាច្រើនទៀត ។ លោកអធិការ បានបន្តថា ករណីនេះ មិនបង្ករ អោយមានមនុស្ស រងរបួសនោះទេ ចំណែកការឆេះនេះ ក៍មិនទាន់ដឹង ពីមូលហេតុច្បាស់លាស់នោះទេ ព្រោះម្ចាស់ជង្រុក និងកម្មករ មិនបាននៅទីនោះឡើយ មុនពេលកើតហេតុ ។
លោកបានបន្តថា ម្ចាស់ជង្រុករងគ្រោះឈ្មោះ ឃុត គឹមហេន ភេទស្រី អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ហើយក្នុងហេតុការនេះដែរសមត្ថកិច្ចជំនាញអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តចំនួន០៣គ្រឿង ដែលអស់ទឹកចំនួន ០៥ឡានផងដែរ ជាមួយគ្នានេះលោកអធិការក្រុងប៉ៃលិន ក៍បានអំពាវនាវ ដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ ឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនកិច្ចសហការ ចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ នៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដូចជា ករណីភ្លើងចង្រ្កាន ចង្កៀង ទៀនធូប ការដុតភ្នក់សំរាម កម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆាបឆេះ និងងាយផ្ទុះឆេះជាដើម ក្នុងនោះលោកអធិការ ក៍បានលើកទឹកចិត្ត ឱ្យអ្នកភូមិ ត្រូវចេះជួយគ្នា ពេលមានគ្រោះអគ្គិភ័យកើតឡើង ទម្រាំកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ទាន់ពេលវេលា ដូចពាក្យស្លោកពោលថា«ជួយគ្នាក្នុងគ្រាមានអាសន្ន»ផងដែរ៕