បែលហ្សិកនៅរក្សាតំណែងកំពូលតារាងចំណាត់ថ្នាក់ FIFA ខណៈកម្ពុជាធ្លាក់មួយកាំ
ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង 9:27PM
ក្រុមជម្រើសជាតិបែលហ្សិក នៅតែកាន់កាប់កំពូលតារាងចំណាត់ថ្នាក់របស់ FIFA ដែលតាមពីក្រោយដោយក្រុមជម្រើសជាតិបារាំង និងប្រេស៊ីលអស់រយៈពេលជាង ៦ខែ។
បើក្រឡេកមកមើល Top 10 វិញ ក្រុមជម្រើសជាតិអង់គ្លេស និងអ៊ុយរុយហ្គាយ ឡើងមួយលេខដូចគ្នា ដោយអង់គ្លេសឡើងមកលេខ ៤ ដែលរុញក្រូអាតមកលេខ ៥ ហើយអ៊ុយរុយហ្គាយឡើងមក ៦ ដែលធ្វើឲ្យក្រុមជើងឯក UEFA Euro 2016 ព័រទុយហ្គាល់ធ្លាក់មកលេខ ៧។
បន្តមកទៀត ក្រុមជម្រើសជាតិអាល្លឺម៉ង់ឡើងមក ៣ក្រិត ដោយឡើងមកលេខ ១៣ ខណៈឈីលី និងហុល្លង់ចុះអស់ ២លេខ ដោយឈីលីចុះមកលេខ ១៥ ហើយហុល្លង់មកលេខ ១៦។
មកមើលប្រទេសអាស៊ីវិញ អ៊ីរ៉ង់នៅតែឈរលេខ ១ ក្នុងចំណោមសមាជិក AFC តែអ៊ីរ៉ង់ឈរលើចំណាត់ថ្នាក់លេខ ២១ចំណោមប្រទេស FIFA។
ចំពោះប្រទេសអាស៊ានវិញ ក្រុមជម្រើសជាតិវៀតណាមនៅលើគេ ហើយឡើងមកមួយលេខ ដោយឡើងមកលេខ ៩៨។ ចំណែកឯថៃនៅចំណាត់ថ្នាក់លេខ ១១៤ ហើយហ្វីលីពីនលេខ ១២៤។ រីឯកម្ពុជាយើងវិញ ធ្លាក់មួយកាំដោយនៅចំណាត់ថ្នាក់លេខ ១៧៣ ដែលនៅពីលើក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន