ថ្ងៃឈប់សម្រាកឆ្នាំ២០២០នេះ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយ៦ថ្ងៃ

(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០បានបង្ហាញថា ឆ្នាំ២០២០នេះ ថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ ពោលកាត់បន្ថយចំនួន ៦ថ្ងៃ បើធៀបនឹងឆ្នាំកន្លងទៅ។ បើទោះបីថ្ងៃឈបសម្រាកត្រូវបានកាត់បន្ថយ តែថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានដំឡើងរហូតដល់ទៅ ៤ថ្ងៃ។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។

ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។

សូមបញ្ជាក់ថា បណ្តាឆ្នាំកន្លងទៅថ្ងៃឈប់សម្រាកមានរហូតដល់ទៅ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាកមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃនេះ ត្រូវបានមើលឃើញថា បណ្តាលឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ហើយមានការទទូចជាច្រើនពីភាគីនិយោជកចង់ឱ្យមានការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ។

ឆ្លើយតបតាមសំណូមពររបស់និយោជក និងដើម្បីធានាដល់ភាពប្រកួតប្រជែង ក៏ដូចជាបំពេញតម្រូវការទីផ្សារផលិតផលនោះ រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃ នៅឆ្នាំ២០២០នេះ ហើយក៏អាចនឹងអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ផងដែរ។ ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds