ស្ដ្រីឃាតកដៃឆៅដែលសម្លាប់មនុស្ស កាត់ដៃ កាត់ជើង កាត់ក្បាល និងដងខ្លួន ញាត់ចូលធុងទឹកក ត្រូវតុលាការផ្តន្ទាទោសកដាក់គុកមួយជីវិត
(ភ្នំពេញ)៖ បងប្អូនប្រាកដជានៅចាំចំពោះអំពើឃាតកម្មដ៏ឃោរឃៅដែលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃកាលពីប៉ុន្មានខែមុន ទីបំផុតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានប្រកាសសាលក្រមដោយផ្តន្ទាទោសស្ត្រីឈ្មោះស៊ិន សុផល អាយុ៣៥ឆ្នាំ ដែលសម្លាប់មិត្តភក្ភិកាត់រួចកាត់ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលដាក់ពន្ធនាគារអស់មួយជីវិត និងសងនូវសំណងទឹកប្រាក់ចំនួន១២០លានរៀល។
កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះទោសឃាតករស្រីឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ក្នុងសំណុំរឿងករណី ឃាតកម្មគិតទុកមុន សម្លាប់មិត្តភក្ភិកាត់ជាបំណែកៗ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល។ សវនាការនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើឈ្មោះ ស៊ិន សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិនៅចំណុចនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០យប់ ជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះ បានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។
រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ៕