អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរមូលដ្ឋាន អោយចុះពិនិត្យតាមភូមិលើបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ

(បាត់ដំបង)៖ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីអ្នកដឹកនាំឆ្នើម ដើម្បីនិរន្តរភាពអនាម័យជនបទ នាសាលប្រជុំខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងដូច្នោះ ដោយជំរុញដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យឡើងនូវប្រព័ន្ធទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជៀសវាងគ្រោះរាំងស្ងួត ដែលយើងមិនបានជួយពួកគាត់ទាន់ពេលវេលានោះ ។

ពិធីនេះក៍មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាល អភិបាលរង ក្រុង/ស្រុក សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ អង្គការដៃគូរ និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួន ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយគាំទ្រសហការពីអង្គ Water Shed និងអង្គការដៃគូរមួយចំនួនទៀត។

បើតាមលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងប្តេជ្ញាបំពេញការងារ ជាមួយភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តផែនការសកម្មភាព ការផ្តត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ឱ្យមានប្រសិទ្ធិភាព និងសម្រេចបានជោគជ័យ ទៅតាមគោលដៅ ដែលបានកំណត់ ផងដែរ។
ចំណែកលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែរទាំងសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងដែរថា៖ ក្រសួងធនធានទឹក បានផ្សព្វផ្សាយរួចហើយថាឆ្នាំ២០១៩ កម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនរងយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដែលបង្ករ ឲ្យមានកត្តាអវិជ្ជមានជាច្រើន គឺមានការហួតហែងខ្វះខាតទឹកប្រើប្រាស់ជាដើម ហើយវានឹងបន្តដល់ឆ្នាំ២០២០ ដែលបញ្ហាទាមទារ ឲ្យគ្រប់បណ្ដាមន្ទីរទាំងអស់ ត្រូវធ្វើការឆ្លើយតប ឲ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហាទឹកប្រើប្រាស់នេះ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែរទាំងសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការ ជាមួយអង្គការដៃគូនានា ជំរុញឲ្យអនុវត្តន៍ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ ផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស ឲ្យសម្រេចបាន៩០ភាគរយនៅឆ្នាំ២០២៣ និងឲ្យបាន១០០ភាគរយ នៅឆ្នាំ២០២៥ ដែលក្នុងនោះមានខេត្តចំនួន៥ គឺខេត្តស្វាយរៀង កែប កំពង់ស្ពឺ ព្រៃវែងនិងខេត្តកំពង់ឆ្នាំង នឹងធ្វើឲ្យសម្រេចនៅឆ្នាំ២០២៣ផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចុះពិនិត្យតាមភូមិ របស់ប្រជាពលរដ្ឋ ពិនិត្យមើលលើបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឆ្លើយតប ឲ្យបានទាន់ពេលវេលា នៅពេលជួបពលរដ្ឋជួបបញ្ហាខ្វះទឹកប្រើប្រាស់ ។ លោកអភិបាលរងខេត្ត បានបន្តថា៖ ក្នុងនាមអាជ្ញាធរខេត្ត នឹងបន្តសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូនានា ធ្វើការងាររៀបចំវិស័យទឹកស្អាត និងអនាម័យជនបទនេះ ឲ្យដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open