ចំណតរថយន្តខេត្តប៉ៃលិន ក្លាយជាកន្លែងជួសជុលរថយន្តសណ្តោងធន់ធំ ដែលបង្កការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ដោយគ្មានមន្ត្រីជំនាញណាហ៊ានអើពើរ
(ប៉ៃលិន)៖ ចំណតរថយន្តខេត្តប៉ៃលិន កំពុងត្រូវបានមហាជនរិៈគន់យ៉ាងខ្លាំង ដោយសារតែបញ្ហាការកកស្ទះចរាចរណ៍ប្រចាំថ្ងៃ ព្រោះតែរថយន្តធន់ធំ (ប្រភេទរថយន្តវែង)គ្រប់ប្រភេទ ចូលជួសជុល និងចតគ្មានសណ្តាប់ធ្នាប់លើដីចំណីផ្លូវសាធារណ ដែលប្រការនេះមិនឃើញមានមន្ត្រីជំនាញណាមួយ ចុះត្រួតពិនិត្យនោះឡើយ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានរថយន្តតូច ធំជាច្រើនគ្រឿង បានបន្តកន្ទុយគ្នាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិ៥៧ រយៈពេលជិត២០នាទី ស្ថិតនៅចំណតរថយន្តខេត្តប៉ៃលិន ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ លើកំណាត់ផ្លូវជាតិ នៅចំណុចខាងលើ បានឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃ ពួកគាត់សង្កេតឃើញរថយន្តធន់ធំជាច្រើនគ្រឿង បានបន្តកន្ទុយគ្នា ចូលជួសជុល ហើយធ្វើរួចរាល់ ក៍បើកចេញវិញ ដោយថយក្រោយទទឹងផ្លូវជាតិ បង្កឲ្យកកស្ទះចរាចរណ៍ រយៈពេលពី១៥នាទី ទៅ២០នាទី ព្រោះតែរថយន្តធំ ហើយវែង ដែលមានទំហំធំជាងផ្លូវជាតិតែម្តង។
ប្រភពព័ត៌មាន បានបន្តថា៖ មានពេលខ្លះពួកអ្នកប្រចាំទីតាំងចំណតរថយន្តខេត្តប៉ៃលិន ទាំងនោះ បើកទឹកលាងសំអាត់រថយន្តខ្លូន ដោយបង្ហូរទឹកកង្វក់ មកលើផ្លូវជាតិលេខ៥៧ មានទាំងលាយប្រេងម៉ាស៊ីនរថយន្ត មកជាមួយគ្នា ដែលធ្វើឲ្យប៉ះពាល់បរិស្ថានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ជាមួយគ្នានេះ ចំណតរថយន្តខេត្តប៉ៃលិន មិនមានរថយន្តតាក់ស៊ីណាមួយ ចូលចតចាប់ម៉ូយនោះឡើយ វាបានក្លាយជាកន្លែងជួសជុលរថយន្តធន់ធំ របស់ក្រុមហ៊ុនឯកជនទៅហើយដែរ។ប្រភពព័ត៌មាន ក៍បានបញ្ជាក់ដែរថា៖ នៅចំណុចខាងលើ មានពេលខ្លះពួកអ្នកបើកបរឲ្យក្រុមហ៊ុនទាំងនោះ បានបើករថយន្តមកចត់លើកំណាត់ផ្លូវជាតិ ស្តុបទុកមួយយប់ឬពីរយប់ ក៍មានដែរ ដែលបញ្ហានេះ នាំឲ្យបាត់បង់សោភ័ណភាពផ្លូវ ជូនកាលបង្កការគ្រោះចរាចរណ៍ លើអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារមិនមានដាក់សញ្ញាសំគាល់ផងដែរ ។ពួកគាត់ ក៍បានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចុះត្រួតពិនិត្យទីតាំងខាងលើផង ព្រោះកន្លងមក មិនដែលឃើញមានជំនាញណាមួយ ចុះទៅពិនិត្យនោះទេ ។
បើតាមប្រភពព័ត៌មាន ពីមន្ត្រីរាជការម្នាក់ សុំមិនបញ្ជេញឈ្មោះ បានបង្ហើបប្រាប់អ្នកយកព័ត៌មានថា៖ ទីតាំងដែលមានឈ្មោះ ចំណតរថយន្តខេត្តប៉ៃលិន នេះ ជារបស់មេទាហានផ្កាយ២ម្នាក់នៅភ្នំពេញ ព្រមទាំងដេញថ្លៃយកភាស៊ីរថយន្តគ្រប់ប្រភេទ នៅខេត្តប៉ៃលិន ។
ពាក់ព័ន្ធបញ្ហានេះដែរ ភ្នាក់ងារព័ត៌មានយើង មិនអាចសុំការបញ្ជាក់បន្ថែមពីម្ចាស់ទីតាំង ខាងលើ បានទេ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយសារមិនមានលេខទាក់ទង(លេខដែលឲ្យចុចមិនចូល) ប៉ុន្តែយើងសង្ឃឹមថា ម្ចាស់ទីតាំងខាងលើ និងមានការបញ្ជាក់បន្ថែមតាមក្រោយផងដែរ៕