នគរបាលខេត្តប៉ៃលិន ឃាត់ខ្លូនស្ត្រីវ័យចំណាស់ម្នាក់ ពីបទជួញដូរគ្រឿងញៀន រួមជាមួយគ្រឿងញៀន២កញ្ចប់ធំ និង២៣កញ្ចប់តូច
(ប៉ៃលិន)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ដោយធ្វើការឃាត់ខ្លូនជនសង្ស័យវ័យចំណាស់ម្នាក់ រួមនិងគ្រឿងញៀនចំនួន២កញ្ចប់ធំ និង២២កញ្ចប់តូច ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរស្ពានអូរតាប្រាង នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមលោក ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ មុនពេលធ្វើការចុះបង្ក្រាប កម្លាំងជំនាញ ក៏បានរាយការណ៍ ជូនលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីសុំយោបល់ ពីលោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ធ្វើការឆែកឆេរទីតាំងខាងលើ ហើយក៍ឃាត់ខ្លូនតែម្តង ។
លោកនាយការិយាល័យ ក៍បានបញ្ជាក់ដែរថា៖ ជនសង្ស័យមាន ឈ្មោះ ឈុន ម៉ៅ ហៅយាយពៅ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទើបតែមកស្នាក់នៅភូមិ/សង្កាត់ កើតហេតុខាងលើ ដោយជនសង្ស័យ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមដានតាំងពីយូមកហើយ ។ ក្នុងការឃាត់ខ្លូនសមត្ថកិច្ចយើងរិបអួសបានម្សៅក្រាមពណ៌សថ្លា ចំនួន២៥កញ្ចប់ ក្នុងនោះសង្ស័យម៉ាទឹកកក មាន២៣កញ្ចប់តូច និង២កញ្ចប់ធំ ដែលមានទម្ងន់២៩២,១១ក្រាម ថ្លឹងទាំងថង់ ជញ្ជីង១គ្រឿង រួមជាមួយថង់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំងជំនាញ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីចាត់ការតាមនិតិវិធី ៕