សប្បុរសជនពីរក្រុម នាំយកថវិកាជិត៣ម៉ឺនដុល្លារ មកបរិច្ចាកជូនមូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគសរុបចំនួន ២៨ ៥៨៩ ដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ២១ ១៥០ ដុល្លារអាមេរិក បានមកពីការបរិច្ចាគពីសំណាក់លោកឧកញ៉ា ជឹមឃាន ប្រធានក្រុមហ៊ុនបូរីសែនសុខ និងលោកជំទាវ ឈឹម ណារិន ព្រមទាំងក្រុមគ្រួសារ និងថវិកាចំនួន ៧៤ ៣៩ ដុល្លារអាមេរិកទៀត បានមកពីការបរិច្ចាគពីសំណាក់សមាគមអតីតនិស្សិតខ្មែរ នៃសកលវិទ្យាល័យហួរឈៀវ ប្រទេសចិន ដែលដឹកនាំដោយ លោក ជឹម សុផល ប្រធានសមាគម និងលោកស្រី វ៉ា ស៊ូជីង អនុប្រធានសមាគម។

ក្នុងឱកាសនោះ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា បានជម្រាបជូនសប្បុរសជនអំពីប្រភេទ ចំនួន និងលក្ខខណ្ឌ នៃការចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន សមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រ ព្រមទាំងបានសំណូមពរដល់ភាគីភ្ញៀវឱ្យចូលរួមបំផុសចលនាបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងចំណោមគណៈក្រប់គ្រង និងបុគ្គលិករបស់របស់ក្រុមហ៊ុន និងសមាគម ដែលរួមមានសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬសមាជិគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។

ដោយឡែក លោកប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជម្រាបជូនភ្ញៀវពីទំហ៊ំចំណាយប្រចាំឆ្នាំដែលមានប្រមាណ៤០ ទៅ៤៥ លានដុល្លារអាមេរិក និងប្រភពថវិកាដែលរួមមានតាមរយៈមូលនិធិគន្ធបុប្ផាស្វីស រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដោយលោកបញ្ចាក់បន្ថែមថាក្នុងឆ្នាំ២០១៩ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាជិត១១លានដុល្លាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ជួសមុខឱ្យកុមារកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា សូមថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ជឹមឃាន និងលោកជំទាវ ឈឹម ណារិន ព្រមទាំងក្រុមគ្រួសារ ,លោក ជឹម សុផល និងលោកស្រី វ៉ា ស៊ូជីង ដែលបានបំផុសចលនាកៀតគរថវិកាបរិច្ចាគ និងបានប្ដេជ្ញាចូលរួមបង្កើតសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមក្រុមហ៊ុន និងសមាគមរៀងៗខ្លួន ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលត្រូវការសេវាពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។

សូមជម្រាបជូនផងដែរថា បើលោកអ្នកមានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជាដោយឥតបង់ថ្លៃសេវាតាមរយៈ ៖
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds