ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចាត់ទុកកម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ យកទៅអនុវត្តបណ្ដាប្រទេសផ្សេងៗ
(ភ្នំពេញ)៖ នេះជាការលើកឡើងរបស់លោកជំទាវ ហ្វេ លី ស៊ី ដា ដេ ដេ ស៊ូ សា ហ្គូ ទែ រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ទី ម័ រ ខាងកើត ក្នុងឱកាសដែលលោកជំទាវ ចូលជួប សម្ដែង ការគួរសម និង ជម្រាបលា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ធ្នូ ២០១៩នេះ
ក្នុងពេលដែលលោកជំទាវត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
តាមការអោយដឹងពី លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានអោយដឹងនៅក្រោយជំនួបថា
លោកជំទាវបានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ហើយយកបទពិសោធន៍នោះដើម្បីជាការរៀនសូត្រផងនិងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង។ លោកជំទាវបាន
ឃើញសុខសន្តិភាព ស្ថេរភាពរបស់កម្ពុជាដែលសុខសន្តិភាពបស្ថេរភាពនេះហើយ ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។លើសពីនោះទៅទៀត កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាជនរីករាយស្រស់ថ្លាហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពនេះឯងដែលមានការទាក់ទាញសម្រាប់អ្នកទេសចរមកទស្សនានៅកម្ពុជា មកវិនិយោគនៅកម្ពុជា ហើយជាងនេះទៅទៀត កត្តាសុវត្ថិភាពនេះឯងគឺជាកត្តាទាក់ទាញជាទីបំផុត។
ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅជាទីបំផុតក្នុងឱកាសដែលលោកជំទាវទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចថា លោកជំទាវពិតជាមានកិត្តិយសយ៉ាងខ្លាំងដោយបានមកបំពេញបេសកកម្មកាទូតនៅកម្ពុជា។ លោកជំទាវបានជម្រាបជូនសម្ដេចថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោកជំទាវបានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បេះដូងរបស់លោកជំទាវស្ថិតនៅក្នុងប្រទេសកម្ពុជារួចទៅហើយ។
ក្នុងន័យនេះដែរ លោកជំទាវក៏បានសំដែងនូវការរីករាយដែលលោកជំទាវបានក្លាយជាអ្នកការទូតរបស់ទីម័រខាងកើតលើកទី១ មកកាន់កម្ពុជា ហើយជាទីបញ្ចប់លោកជំទាវបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជាដែលកំពុងបន្តការសិក្សានៅកម្ពុជានាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវក៏បានគោរពថ្លែងនូវការជូនពរសម្ដេចតេជោ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកលនេះផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាជីវិតតម្កល់លើត្បូង។ សម្ដេចតេជោ បានមានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកគឺកម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើតក៏មានបទពិសោធន៍សម្រាប់ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលនូវផលប្រយោជន៍រួមផងនិងទាំងសងខាងផង។
សម្ដេចតេជោក៏បានសម្ដែងនូវក្តីរីករាយដោយមានសិស្សទីម័រខាងកើតជាច្រើនបានមកសិក្សានៅក្នុងប្រទេសកម្ពុជា។ សម្ដេចមានប្រសាសន៍ថាកម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើនមកសិក្សានៅកម្ពុជា ទីមួយគឺការចែករំលែកនូវចំណេះដឹងរវាងនិស្សិត និងនិស្សិតទីពីរ ដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង។ ជាទីបញ្ចប់ សម្តេចតេជោក៏បានជូនពរឲ្យលោកជំទាវ បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតជាពិសេសនៅឆ្នាំថ្មីដែលឈានមកដល់ និងបេសកកម្មថ្មីរបស់លោកជំទាវទៅពេលអនាគត៕