សម្តេច ទៀ បាញ់ ថានយោបាយឈ្នះ-ឈ្នះ មិនមែនជារឿងចៃដន្យទេ ជាការពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ
(ភ្នំពេញ)៖ កម្ពុជាបានប្រារព្ធខួប២១ឆ្នាំនៃនយោបាយឈ្នះឈ្នះ ២៩ធ្នូ១៩៩៨-២៩ធ្នូ២០១៩នៅវិមានឈ្នះឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាស៊ីវិលនៅកម្ពុជា គឺមិនមែនជារឿងចៃដន្យនោះទេ គឺជាការពលីកម្មដ៏ធំធេង ចំពោះប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាទាំងមូល។
នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គទេសក៍ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែល សម្តេចតេជោ បានយកជីវិតមកប្តូរដើម្បីសន្តិភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកថា នៅថ្ងៃនេះ កាលពី២១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់ នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ដំណាក់កាលសង្គ្រាមផងចរចារផង រហូតដល់ការលេចឡើង នៃវត្តមានរបស់ នយោបាយ ឈ្នះ ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ។
រយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតក្លាយជាប្រទេសមួយ ដែលមានសក្តានុពល ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្លាយជាប្រទេសគោលដៅទីផ្សារមួយដ៏សំខាន់ សម្រាប់ពិភពលោក និងជាពិសេសក្លាយជាប្រទេសគម្រូមួយ ដែលបានអនុវត្តន៍ នយោបាយបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសដោយភាពជោគជ័យនយោបាយរបស់ខ្មែរ និងអ្នកដាក់ចេញនូវនយោបាយជាជនជាតិខ្មែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា គោលនយោបាយនេះ បានកំណត់នូវភាពជោគជ័យ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេស កម្ពុជានៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមបានមកភូមិគ្រឹះរបស់សម្តេចហ៊ុន សែន នៅទីក្រុងតាខ្មៅ ដូច្នេះទើបយើងកំណត់យកថ្ងៃនេះ ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា និងបានកំណត់ជាទិវានយោបាយឈ្នះ-ឈ្នះផងដែរ៕