លោកស្រី ហ៊ុន ម៉ាណា​ ចុះទៅសាកសួរសុខទុក្ខផ្ទាល់ដល់សន្តិសុខឯកជនម្នាក់នៅមន្ទីរពេទ្យដែលរងគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ហ៊ុន ម៉ាណា​ កូនស្រីច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចុះទៅសាកសួរសុខទុក្ខផ្ទាល់ដល់សន្តិសុខឯកជនម្នាក់នៅមន្ទីរពេទ្យដែលរងគ្រោះថ្នាក់ចរាចរណ៍។

លោក​ពូ នូង​ ថា​ មានអាយុ៥៥ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តព្រៃវែង​ បច្ចុប្បន្នរស់នៅផ្ទះជួល មុខរបរសន្តិសុខក្រុមហ៊ុនឯកជន នៅក្នុងរាជធានីភ្នំពេញ​ បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ បាក់ដៃខាងឆ្វេងធ្វើការងារឱ្យក្រុមហ៊ុនមិនកើត ដោយឃើញការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម លោកពូ នូង ថា ស្ថិតក្នុងទឹកមុខស្រងូតស្រងាត់ដោយគ្មានលុយថ្លៃព្យាបាលរបួស។

ដោយមានទឹកចិត្តអាណិតសណ្តោសប្រណី លោកស្រី ហ៊ុន ម៉ាណា​ ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានចាត់ឱ្យក្រុមការងារនាំយកលោកពូមកព្យាបាល វះកាត់ដោយឥតគិតថ្លៃនៅ ”មន្ទីរសម្រាកព្យាបាល និងសម្ភព ចំរើន”និងផ្តល់អំណោយ ឃីតមួយកញ្ចប់ធំ និងថវិកាចំនួន ១,០០០ដុល្លារ។

ក្រុមគ្រួសារលោកពូ នូង ថា បានសម្តែងក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណដល់លោកស្រី ហ៊ុន ម៉ាណា ជាពិសេសសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងសូមជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds