ពេញមួយឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជាជួបនឹងបញ្ហាអ្វីខ្លះ?

(បទវិភាគប្រចាំសប្តាហ៍)៖ បើនិយាយពីវិស័យទេសចរណ៍នៅកម្ពុជា ម្នាក់ៗសុទ្ធតែនឹកឃើញដល់ តំបន់អង្គរវត្ត មុនគេដោយសារតែ តំបន់បេតិកភណ្ឌជាតិមួយនេះ បានផ្តល់ចំណូលជូនរដ្ឋ យ៉ាងច្រើនសន្ធឹក តែយ៉ាងណាក៏ដោយ អ្វីៗមិននៅស្ថិតស្ថិរនោះទេ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យទេសចរណ៍កម្ពុជា មិនមែនពឹងលើតែ ប្រាសាទអង្គរវត្ត ឬប្រាសាទដទៃនោះទេ ពោលគឺ កម្ពុជា កំពុងកែច្នៃតំបន់ទេសចរណ៍ចម្រុះបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តបានកាន់តែច្រើន។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ នាឱកាសពិធី បុណ្យសមុទ្រ ឆ្នាំ២០១៩ នៅខេត្តកំពត កាលពីពេល កន្លងទៅថ្មីៗនេះថា កម្ពុជា មិនមែនធ្វើ សេដ្ឋកិច្ច ដោយផ្អែកលើ វិស័យណាមួយ នោះទេ គឺត្រូវពឹងផ្អែក លើគ្រប់វិស័យ ហើយក្នុងនោះ មានវិស័យ ទេសចរណ៍ ជាមាសបៃតង ដែល កំពុងក្លាយ ទៅជាការពិត ខណៈកំណើនសេដ្ឋកិច្ច របស់កម្ពុជា មានមួយភាគ បានមកពីផ្នែក សេវានេះតែម្តង។
សម្ដេចបន្តថាក្នុងមួយឆ្នាំៗ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្ត នៅក្នុង ប្រទេសកម្ពុជា មានកើនឡើង ជាបន្ដបន្ទាប់ ហើយនៅក្នុង ឆ្នាំ ២០១៩ កម្ពុជា រំពឹងនឹងទទួលបាន ភ្ញៀវទេសចរណ៍ ប្រមាណ ៦,៦ លាននាក់។

បើយើងមើលពី ចំណូល បានមកពី ការលក់សំបុត្រ ចូលទស្សនា រមណីយដ្ឋាន អង្គរ គិតត្រឹមរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ គឺមានការធ្លាក់ចុះ ប្រមាណ ១៤ភាគរយ ពោលគឺ ធ្លាក់មកនៅ ៨៩លានដុល្លារ អាមេរិក ក្នុងនោះ ភ្ញៀវទេសចរ បរទេសជាង ១,៩ លាននាក់ បានទិញសំបុត្រ ចូលទស្សនា ដែលតួលេខនេះ មានការធ្លាក់ចុះ ប្រមាណ ១៤ភាគរយ បើធៀប នឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ ២០១៨។ នេះបើយោងតាម សេចក្តីប្រកាស ព័ត៌មាន របស់ គ្រឹះស្ថានអង្គរ។

បើយោងតាមរបាយការណ៍ របស់ ក្រសួងទេសចរណ៍ បានបង្ហាញ ឲ្យដឹងថា វិស័យទេសចរណ៍ នៅកម្ពុជា នៅតែរក្សា បាននូវភាព ទាក់ទាញ សម្រាប់ភ្ញៀវ ទេសចរបរទេស គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវ ទេសចរ អន្តរជាតិ ជាង ៥,២ លាននាក់ ដែលមានកំណើន ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ហើយនៅក្នុងនោះ ចំនួនភ្ញៀវទេសចរ ចិន បន្តកើនឡើង ដល់ជាង ២លាននាក់ ដែលមាន កំណើន ២៤ភាគរយ ឈរលើកំពូល តារាងតែម្តង។
អ្វីដែលគួរឲ្យ កត់សម្គាល់គឺ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរ តាមផ្លូវអាកាស មកកាន់ តំបន់មាត់ សមុទ្រ កម្ពុជា មានជាង ១លាននាក់ កើនឡើងជាង ៤២ភាគរយ ខណៈដែល ការធ្វើដំណើរ ទៅកាន់ ខេត្តសៀមរាប មានជាង ១,៨ លាននាក់ ធ្លាក់ចុះប្រមាណ ១៣ភាគរយ ធៀប នឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០១៨។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ក៏បានបញ្ជាក់ ក្នុងពិធី បើកវេទិកា វិនិយោគលើ វិស័យទេសចរណ៍ នៅកម្ពុជា លើកទី ២ ឲ្យបានដឹងថា ក្រៅពីតំបន់ សៀមរាបអង្គរ ដែលជា តំបន់ បេតិកភណ្ឌ វប្បធម៌ កម្ពុជា ក៏មានតំបន់ ឆ្នេរសមុទ្រ និងតំបន់ អេកូទេសចរណ៍ ជាច្រើន កន្លែង ទៀតនៅ ទូទាំងប្រទេស ដែលតំបន់ ទាំងអស់នេះ មានសក្តានុពល សម្រាប់ធ្វើការ វិនិយោគ ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម បន្ថែមថា យោងតាមទិន្នន័យ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ការវិនិយោគពី ឆ្នាំ ២០១៦ដល់ ខែសីហា ឆ្នាំ២០១៩ មាន ៨១៣គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២២ពាន់លាន ដុល្លារអាមេរិក ក្នុងនោះគម្រោង ទេសចរណ៍ និងផ្នែកពាក់ព័ន្ធ មានចំនួន ៣៨គម្រោង ដែលមានទុន វិនិយោគ ប្រមាណជាង ៩ពាន់លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds