លោកស្រី ជូ ប៊ុនអេង ៖ សូមប្រជាពលរដ្ឋទាំងអស់ មុនឆ្លងដែនទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ ហើយជួនដំណឹងដល់អាជ្ញាធរ ចៀសវាងពេលមានបញ្ហាអ្វីកើតឡើង

(ខេត្តបាត់ដំបង)៖ នៅក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៣ នៅសាលមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានមានប្រសាសន៍ អោយប្រជាពលរដ្ឋទាំងអស់ មុនឆ្លងដែនទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ ហើយជួនដំណឹងដល់អាជ្ញាធរ ចៀសវាងពេលមានបញ្ហាអ្វីកើតឡើង។

លោកស្រី ជូ ប៊ុនអេង បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ឬតាមច្រកព្រំដែន ទាំងច្រកអន្តរជាតិ និងច្រកតំបន់ ត្រូវទប់ស្កាត់ឲ្យបាននូវការឆ្លងដែនខុសច្បាប់ ដោយមិនត្រូវចូលរួម ឬបើកដៃឲ្យជនខិតខូចនាំពលករខុសច្បាប់ជាដាច់ខាត ។ លោកស្រី បានបន្តថា៖ បច្ចុប្បន្នកំពុងមានការចោទប្រកាន់ និងតាមដានមន្ត្រីឃុបឃិតការនាំពលករឆ្លងដោយខុសច្បាប់ ពីសំណាក់ស្ថានទូតបរទេស ព្រោះពួកគេបានទទួលដំណឹងពីអង្គការដៃគូ ដោយពួកគេបានសួរមករាជរដ្ឋាភិបាល តើមានវិធានការយ៉ាងណាចំពោះមនុស្សចូលរួមឃុបឃិត ។

លោកស្រីក៍បានបញ្ជាក់ផងដែរថា៖ ការឃុបឃិតនេះ គឺគ្រាន់តែការញាក់មុខញាក់មាត់ ក៏ជាការឃុបឃិតជាមួយជនល្មើសដែរ ហើយបើសិនជាបានទទួលលាភសក្ការៈពីជនខិលខូចទាំងនោះទៀត គឺកាន់តែធ្ងន់ធ្ងរ ដែលបញ្ហានេះត្រូវតែប្រុងប្រយ័ត្ន និងមិនត្រូវពាក់ព័ន្ធជាដាច់ខាត ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់ ក៍ត្រូវតែមានការភ័យខ្លាច ចំពោះការឆ្លងដែនខុសច្បាប់ ហើយមុនហ្នឹងឆ្លងដែន ទៅរកការងារនៅប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ ត្រូវបា្រប់ដំណឹងដល់អាជ្ញាធរ និងត្រូវមានឯកសារត្រឹមត្រូវ ចៀសវាងពេលមានបញ្ហាទៅថ្ងៃក្រោយ ហើយចំពោះការផ្តល់ដំណឹងដល់អាជ្ញាធរ មានន័យថាអាជ្ញាធរលោកក៍បានដឹងលឺផងដែរ។

សូមបញ្ជាក់ថាពិធីនេះ ក៏មានការចូលរួមផងដែរពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី សុំ ចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ លោកស្រី សុំ ចិន្តា ក្នុងនាម លោក ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងនាមរដ្ឋបាលខេត្ត បាននិងកំពុងខិតខំទប់ស្កាត់ នូវបញ្ហាការឆ្លងដែនខុសច្បាប់ និងបន្តកិច្ចសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដែលមានព្រំដែនជាប់នឹងប្រទេសជិខាង ជាមួយហ្នឹងការបន្តខិតខំផ្សព្វផ្សាយ ឲ្យបានខ្លាំងក្លាថែមទៀត ពីបញ្ហាការឆ្លងដែនដោយខុសច្បាប់ ទាំងនៅតាមភូមិ ឃុំ សាលារៀន ពិសេសនៅតាមបន្ទាត់ព្រំដែន និងសហការជាមួយអាជ្ញាធរប្រទេសជិតខាង រួមគ្នាទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds