ពិតទេ ? មានជនទុច្ចរិតហ៊ានប្រើលុយរាប់សិបម៉ឺនដុល្លារ ទិញឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យបិទបាំងរឿងទុច្ចរិត
(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយពេលបិទបញ្ចប់សន្និបាតបូកសរុបការងាររបស់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា មានជនទុច្ចរិតមួយចំនួន បានប្រើអំណាចលុយរបស់ពួកគេ ដើម្បីស្វះស្វែងរកការអន្តរាគមន៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឬសមាជិកឱ្យបិទបាំង ឬ កែខៃរឿងទុច្ចរិតរបស់ពួកគេ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាជិកមកពីគណបក្សនយោបាយទាំងជាប់ និងមិនជាប់ឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ចំនួន១៦គណបក្ស ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៨។ យន្តការនេះបានធ្វើឱ្យគណបក្សនយោបាយមិនជាប់ឆ្នោត បានចូលរួមបំពេញការងារក្នុងសង្គមបម្រើដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្រោយបង្កើតឡើងជាធរមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពជាច្រើនក្នុងការស្វែងរកនូវរឿងរ៉ាវអយុត្តិធម៌ និងសកម្មភាពទុច្ចរិតនៅក្នុងសង្គម។
ដោយសារតែមានដាវអាជ្ញាសឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឱ្យរាយការណ៍ដោយផ្ទាល់នូវរឿងរ៉ាវអសកម្ម រឿងរ៉ាវអយុត្តិធម៌ និងរឿងរ៉ាវទុច្ចរិតក្នុងសង្គមនោះ មានរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមពាក់ព័ន្ធអ្នកមានអំណាច អ្នកមានឥទ្ធិពលជាច្រើនករណីត្រូវបានបំបែកតាមរយៈឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងរយៈពេល១៦ខែនៃបេសកកម្មរបស់ខ្លួន បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២៕