ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅរសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានុបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ
ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាត
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកសន្និបាតរយៈពេល១ថ្ងៃនេះ។ សម្តេចតេជោពិតជាមានមោទភាពចំពោះសកម្មភាពរយៈពេល១៦
ខែកន្លងមកនេះ តាមរយៈការចូលរួមជាពហុគំនិត ក្រៅក្របខណ្ឌសភា ដែលបានចូលរួមចំណែកក្នុងការស្វែងរកធាតុចូលក្នុងដំណើរ្ារអភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្រោយឆ្នាំ២០២៣ អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពរបស់ស្ថាប័នមួយនេះ។ សម្តេចតេជោបន្តថា បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។ ការធ្វើនយោបាយបម្រើសង្គមមិនចាំដល់តែជេរប្រទេចគ្នានោះទេ និងមិនប្រកាន់លើបក្សតូច បក្សធំនោះទេ ហើយសម្តេចសុខចិត្តទទួលមតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេសដែលដាក់មកអោយយើងធ្វើនោះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សកម្មភាពចាក់ដីលុបសមុទ្រនៅខេត្តកោះកុងដែលទទួលបានរបាយការណ៍ពីគណបក្សយុវជនកម្ពុជា ហើយយើងបានដោះស្រាយ ដោយបញ្ឍប់សកម្មភាពការចាក់ដីលុបសមុទ្រនេះ ហើយសម្តេចបានបញ្ជាក់ថា បើមិនកាយចេញទេ គឺសម្តេចដកស័ក្តិរបស់បុគ្គលដែលចាក់ដីនេះតែម្តង។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ក្រោយពីការបង្កើតនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើង គឺសមាជិកសមាជិការបក្សនីមួយៗ បានធ្វើសកម្មភាពយ៉ាងច្រើនទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានចូលរួមក្នុងការពិនិត្យ និងផ្តល់យោបល់ផ្សេងៗ ទៅលើសេចក្តីព្រាងច្បាប់នានា មុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ សម្តេចតេជោបន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានធ្វើការងារមួយ
ចំនួនជាមួយថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា តាមរយៈការហៅមកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។

សម្តេចតេជោនាយកតដ្ឋមន្ត្រីបានមានពេញចិត្តក្នុងការទទួលយកមតិយោបល់ពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីចូលរួមស្វែងរកដំណោះស្រាយ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងបន្តការងារនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds