សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds