ប្រសាសន៍សំខាន់ៗ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការវិវឌ្ឍរីកចម្រើននៃសាកលវិទ្យាល័យនេះ ចាប់តាំងពីមាននិស្សិតរៀនតិចតួច តែពេលនេះសាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតយើងរាប់ម៉ឺននាក់។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះ សាកលវិទ្យាល័យរបស់រដ្ឋនោះ គឺមួយផ្នែករៀនដោយទទួលបាន
អាហារូបករណ៍ដែលផ្តល់ដោយរដ្ឋ និងមួយផ្នែកទៀតរៀនដោយបង់ថ្លៃ ដើម្បីរួមចំណែកជំរុញវិស័យនេះអោយរីកចម្រើនជាបន្តបន្ទាប់។

នៅថ្ងៃនេះ ទាក់ទងទៅនឹងការផ្អើលផុសផុសរឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមួយដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន មានមានប្រសាសន៍ថាសម្បតិ្តអ្វីដែលមានអាយុកាលដែលបន្សល់ទុកលើកពី៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូវបំបាត់ចោលនោះទេ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការដែលខ្វះខាត យើងត្រូវជំនួសមុកវិញនូវស្ពានថ្មីបន្ថែម ដោយមិនមែនវាយរបស់ចាស់ចោលនោះចាស់នោះទេ។

ទាក់ទងទៅនឹងទិន្នផលស្រូវឆ្នាំនេះ សម្តេចតេជោបានមានប្រសាសន៍ថា តាមរបាយការណ៍របស់ក្រសួងកសិកម្មបានអោយដឹងថា យើងទួលបានផលស្រូវប្រមាណជាង២លានតោន លើផ្ទៃដី ២លាន៧សែនហិចតា ហើយក្នុងនោះស្រូវវស្សាមិនសូវខ្វះទឹកប៉ុន្មាននោះទេ តែសំរាប់ស្រូវរដូវប្រាំងវិញគឺមានការខ្វះខាតទឹក ដូច្នេះហើយសម្តេចតេជោ នៅតែអំពាវនាវអោយបងប្អូនប្រជាកសិករធ្វើស្រែតែ១ដងបានហើយ ដើម្បីសន្សំសំចៃទឹកទុក។ ក្នុងនោះ សម្តេចតេជោក៏បន្តជំរុញអោយប្រជាកសិករនាំគ្នាដាំដំណាំរួមផ្សំផ្សេៗ ជំនួសវិញ ដូចជាដំណាំអំពៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងទៅនេះ ទោះបីជាយើងមិនទទួលបាននូវភាពជោគជ័យក្នុងការនាំអង្ករ១លានតោនក៏ដោយ ក៏ប៉ុន្តែយើងបានសល់ស្រូវ និងបានលក់ទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ សម្តេចតេជោបន្តថា ការមិនសម្រេចទៅតាមគោលដៅនោះ មកពីយើង«មានមាសហើយខ្វះក្រដាសខ្ចប់» ដូចជាការខ្វះរោងម៉ាស៊ិនកិនស្រូវ ខ្វះឡសម្ងួតស្រូវ និងខ្វះបច្ចេកទេសកែច្នៃផ្សេងៗជាដើម។ ដូច្ចេះហើយទើបកម្ពុជាយើងបាននឹងកំពុងខិតខំទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេសលើវិស័យនេះ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម និងការកែច្នៃផលិតផលក្នុងផ្សេងៗទៀត
អោយទៅជាផលិតផលសម្រេច ព្រមទាំងជំរុញ
ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាដើម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ការរីកលូតលាស់នៃសាកលវិទ្យាល័យ និងលទ្ឋផលនៃការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជូនពរដល់និស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងការងារជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោ បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងបរិយាកាស ស្និទ្ឋស្នាល និង សប្បាយរីករាយបំផុត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds