ក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី៣ និងកំណត់ផែនការសំខាន់ៗសម្រាប់អនុវត្តគោលនយោបាយគាំពារសង្គម

(ភ្នំពេញ)៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ៣ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនានា​ដើម្បី​ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ នៃគោលនយោបាយគាំពារសង្គម។ កិច្ចប្រជុំនេះបានធ្វើឡើងព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ បានធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១- វឌ្ឍនភាព​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ​ និង​កូន​អាយុ​ក្រោម ​២ ឆ្នាំ៖
​ក្រោយពីរាជរដ្ឋាភិបាល​ បាន​ដាក់​ឱ្យ​អនុវត្តកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូនស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២​ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណ​អាទិភាពកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ នៅតាម​មូលដ្ឋាន​សុខា​ភិ​បាលសាធារណៈ​ទូទាំងប្រទេស កន្លងមក, គិតត្រឹមតំណាច់ខែ វិច្ឆិកា ឆ្នាំ ២០១៩, ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ បាន​មក​ទទួល​សេវា​ពិនិត្យសុខភាពមានចំនួន ១៥២ ២៥៨ ករណី ក្នុងនោះ​ ស្ត្រីសម្រាលកូនមាន ចំនួន ២៣ ៧៩៤ ករណី ចំណែក​ឯ​ស្ត្រី​មានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ ដែល​បាន​​មក​ពិនិត្យសុខភាពមុន និងក្រោយសម្រាល មានចំនួន ១២៨ ៤៦៤ ករណី ។ ដោយប្រើប្រាស់ថវិកាជាតិ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គ្របដណ្តប់ទៅលើស្ត្រីមានផ្ទៃពោះ នៃគ្រួសារ​មានបណ្ណសមធម៌ (IDPoor ១ និង ID​Poor ២) និង​បណ្ណអាទិភាព (Post ID)​ ហើយការអនុវត្តកម្មវិធីនេះ បាន ប្រព្រឹ​ត្ត​ទៅ​ដោយរលូនតាមរយៈការប្រើបច្ចេកវិទ្យានៅលើតាប្លេត (Tablet) និងមានភ្នាក់ងារវេរប្រាក់ Wing ដែលជា ដៃគូក្នុងការ​បើកផ្តល់​ប្រាក់​ដល់អ្នកទទួលផលដោយផ្ទាល់ ។ ជាទិសដៅបន្ត ក្រសួងសុខាភិបាល​ នឹងជំរុញ​ការផ្សព្វផ្សាយ បណ្ដុះបណ្ដាល​បន្ថែម​ដល់​មន្ត្រី​នៅតាមមូលដ្ឋានសុខាភិបាលក្នុងការអនុវត្តកម្មវិធីនេះ​ទៅតាម​សមត្ថកិច្ច ក៏ដូចជាកិច្ច សហកា​រ​ ដើម្បីរៀប​ចំ​ប្រគល់​កិច្ចការនេះជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដឹកនាំ​អនុវត្ត​បន្ត ទៅ តាមកាលកំណត់ ។

២- យន្តការ និងបទដ្ឋានគតិយុត្តនៃការផ្ទេរ​ការអនុវត្ត​កម្មវិ​ធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃ ពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្ប​ទា៖
​ដើម្បីកាត់បន្ថយបន្ទុកកិច្ចការរដ្ឋបាលរបស់មន្ត្រីសុខាភិបាល និងអនុញ្ញាតឱ្យក្រសួងសុខាភិបាលផ្តោត​ការ​​យក​​ចិត្តទុ​ក​ដាក់លើគុណភាពនៃការផ្ដល់សេវាថែទាំ ក៏ដូចជា ផ្តល់ការព្យា​បាលជូនប្រជាពលរដ្ឋកាន់តែ​ប្រសើរ​ និងឈាន​ទៅរៀបចំធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមផ្សេង​ទៀតទៅជាកម្មវិធីកញ្ចប់គ្រួសា​រ ក្នុងគោលបំ​ណងពង្រឹង​ប្រសិទ្ធភាព នៃការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ពលរដ្ឋក្រីក្រ និងងា​យរងគ្រោះ ក៏ដូចជាដើម្បីពង្រឹងប្រសិ​ទ្ធភាពនៃ​ការចំ​ណា​យ​ថវិការដ្ឋ, រាជរដ្ឋាភិបាល បានសម្រេចផ្ទេរការដឹកនាំអនុវត្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោ​ម​អាយុ​ ២ ឆ្នាំ​​នេះ​ ​ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានប្រើប្រាស់​យន្តការ​ថ្នាក់ក្រោមជាតិ ។
​កន្លងមក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នទទួលបន្ទុកដឹកនាំការងារនេះ បន្ត បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូ​អភិវឌ្ឍន៍មួយចំនួន ដើម្បីរៀបចំយន្តការការងារ ដែលរួមមាន ការរៀបចំ​សៀវភៅប្រតិបត្តិគោល, ការផ្តល់ជូន Tablet ដល់ម​ន្ត្រី​ទទួលបន្ទុក​ការងារនៅតាម​ឃុំ-សង្កាត់​, និងការបណ្តុះបណ្តាល​មន្ត្រីឃុំ-សង្កាត់ នៅទូទាំង​ប្រទេស​ ជាដើម ។

​៣- វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម៖
​ដើម្បីចូលរួមធានានូវសន្តិសុខប្រាក់ចំណូលរបស់មន្ត្រីសាធារណៈ និងដើម្បីរួមចំណែក​កាត់​បន្ថយគ​ម្លាត​រវាង​និវត្តជនចាស់ និងថ្មី, ក្នុងឆ្នាំ ២០១៩ នេះ, រាជរដ្ឋាភិបាល បា​នរ៉ាប់រង​ចំណា​យ​ទាំង​ស្រុង លើការឧបត្ថម្ភប្រាក់សោធន ដោយរាជរដ្ឋាភិបាលបា​ន​វិភាជ​ថវិកា​ចំនួន ៩២​៦ ៦៧១ លាន រៀល ។ ក្នុងឆ្នាំ ២០១៩ នេះដែរ, រាជរដ្ឋាភិបាល ក៍បាន វិភាជថវិកាចំនួន ៥០ ប៊ីលាន​រៀល ដើម្បីទ្រទ្រង់របបថែ​ទាំសុខភាព​សម្រាប់​មន្ត្រី​សាធា​រណៈ​ អតីតមន្ត្រីរា​ជការ និងអតីត យុទ្ធជន ដែលក្នុង​នោះ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០១៩, ប..ស.ស បានទូទាត់​ចំណាយ​ចំនួន ៨១ ៦៧៧ ករណី​ ។ ​
​ជាមួយគ្នានេះ, ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាល ក៏បានផ្តល់ការថែទាំសុខភាព ដោយឥត​គិតថ្លៃ​តាមរយៈ​​មូលនិធិសមធម៌សុខាភិបាលជូនគ្រួសារក្រីក្រ និងក្រុមពលរដ្ឋដ៏ទៃទៀត ដែលរួមមាន កម្មករ ក្រៅប្រ​ព័ន្ធ អ្នកធា​ក់​ស៊ីក្លូ កីឡាករជម្រើសជាតិ សមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាភូមិ-ឃុំ និងក្រុមគ្រួសារពលីមរណៈ ។ ក្នុងឆ្នាំ ២០១៩ នេះ, រាជរដ្ឋាភិបាល បានវិភាជថវិកាសរុបប្រមាណ ៨០ ប៊ីលានរៀល បូកបន្ថែមថវិការបស់ដៃគូ អភិវឌ្ឍន៍ចំនួនប្រមាណ ៣៤ ប៊ីលានរៀល សម្រាប់អនុវត្តកម្មវិធីនេះ ។
​ដោយឡែក សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និយោជកជាអ្នករ៉ាប់រងទាំងស្រុងលើការបង់ភាគ​ទាន​ចូលក្នុងរបបថែទាំសុខភាព ដោយគិតចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ២០១៩, ប.ស.ស. ប្រមូលវិភាគទាន និងបាន ចំណាយ​ទូទាត់ទៅវិញសរុបចំនួន ២ ០៧៦ ៤១៦ ករណី ។ របបហានិភ័យការងារ ក៏ត្រូវទទួលបន្ទុកទាំងស្រុងដោយនិយោ-​ជ​ក ផងដែរ ដែលគិតចាប់ពីខែមករា ដល់ខែតុលារ ឆ្នាំ២០១៩ នេះ ប.ស.ស ប្រមូលភាគទាន និងបានចំណាយទូទាត់ វិញចំនួន ១៣ ៨៩៨ ករណី ។

និងទី៤- អង្គប្រជុំ ក៏បានពិនិត្យ ផ្តល់យោបល់ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតអនុគណៈកម្មការ ជំនួយសង្គមរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និង​ផែន​​កា​រសកម្មភាពអទិភាពសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់ឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open