រឿងធំហើយ ! លោក ពេជ្រ ស្រស់ ៖ បើអ្នកនាំពាក្យក្រសួងអប់រំមិនច្បាស់នូវសម្តីរដ្ឋមន្រ្តីក្រសួងអប់រំនិយាយទេ គឺលោកនឹងបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំ ដែលនិយាយថាសិស្សមិនអាចជជែកគ្នា រឿងនយោបាយនៅក្នុងសាលាបាននោះទេ
ភ្នំពេញ ៖ បន្ទាប់ពីអ្នកនាំពាក្យក្រសួងអប់រំច្រានចោលថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មិនបានហាមសិស្សានុសិស្ស មិនអាចជជែកអំពីរឿងនយោបាយក្នុងសាលារៀនទេ ពីព្រោះសាលាជាកន្លែងអព្យាក្រឹត ហើយបើចង់ឲ្យជជែកគ្នារឿងនយោបាយនៅក្នុងសាលា លោកពេជ្រ ស្រស់ ព្រមានថា បើអ្នកនាំពាក្យក្រសួងអប់រំមិនច្បាស់នូវសម្តីរដ្ឋមន្រ្តីក្រសួងអប់រំនិយាយទេ គឺលោកនឹងបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំ ។
ប្រធានបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុករបស់ខ្លួនថា អ្នកនាំពាក្យនឹងបានពាក្យពីណាមកនាំ បើលោករដ្ឋមន្រ្តីបានបញ្ជាក់ចំពោះមុខខ្ញុំយ៉ាងច្បាស់ថា ក្រសួងអប់រំមិនអនុញ្ញាតឲ្យសិស្សជជែកគ្នារឿងនយោបាយក្នុងសាលារៀននោះទេនៅពេលម៉ោងសម្រាកនឹងពីព្រោះថាគឺវាខុសនឹងច្បាប់ក្រសួងហើយត្រង់ចំណុចនេះ។
លោកពេជ្រ ស្រស់ ថា ខ្ញុំបានតតាំងជាមួយរដ្ឋមន្រ្តីក្រសួងអប់រំឡើងតឹងសសៃករដែរ ហើយគាត់ថែមទាំងរុញឲ្យខ្ញុំស្នើទៅរដ្ឋសភាវិសោធនកម្មច្បាប់ហាមឃាត់នឹងទៀត បើចង់ឲ្យសិស្សជជែកគ្នានៅក្នុងសាលារៀននាពេលម៉ោងសម្រាកពីរៀននោះ។
សមាជិកឧត្តមក្រុមប្រឹក្សារូបនេះបន្ថែមថា ដូច្នេះបើអ្នកនាំពាក្យក្រសួងអប់រំចង់ច្បាស់គឺខ្ញុំអាចបញ្ចេញសម្លេងរដ្ឋមន្រ្តីក្រសួងអប់រំបាន ហើយអ្វីដែលខ្ញុំស្លុតចិត្តខ្លាំងបំផុតនោះគឺរដ្ឋមន្រ្តីក្រសួងអប់រំថា បើចង់ពិនិត្យទឹកនោមរបស់សិស្សក្នុងការស្វែងរកសារធាតុញៀនលើខ្លួនសិស្ស គឺលោកថាត្រូវបង្កើតច្បាប់ ដើម្បីពិនិត្យទឹកនោម បើមិនចឹងទេការពិនិត្យទឹកនោមសិស្សក្នុង
ការស្វែងរកសារធាតុញៀនលើខ្លួនសិស្ស គឺ ជាការរំលោភសិទ្ធិសិស្សហើយបើបង្កើតច្បាប់បានក៏ក្រសួងអប់រំគ្មានលុយដែរ ដើម្បីពិនិត្យទឹកនោមសិស្សនឹង។
សូមរំលឹកផងដែរថា លោក ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ថាសិស្សានុសិស្ស មិនអាចជជែកអំពីរឿងនយោបាយក្នុងសាលារៀនទេ ពីព្រោះសាលាជាកន្លែងអព្យាក្រឹត ហើយបើចង់ឲ្យជជែកគ្នារឿងនយោបាយនៅក្នុងសាលា ត្រូវតែធ្វើវិសោធនកម្មច្បាប់ ។ ចំណែកបញ្ហាគ្រឿងញៀន លោករដ្ឋមន្ត្រីអះអាងថា សាលាគ្មានថវិកា ដើម្បីពិនិត្យទឹកនោម រកសារធាតុគ្រឿងញៀនរបស់សិស្សានុសិស្សនោះទេ ហើយប៉ះពាល់សិទ្ធិរបស់សិស្សផងដែរ។