ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។
តាមរបាយការរបស់ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាបអោយដឹងថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារនេះត្រូវបាន
បើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។
ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ជូននូវផ្សារនេះ សម្រាប់បម្រើដល់ជីវភាពនៃប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានកោតសរសើរចំពោះក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំង២ បានដោះដូរទំនិញគ្នាទៅវិញទៅមក។
ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកពីគោលដៅសំខាន់២ដែលសម្តេចបានដាក់ចេញក្រោយពីការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិដែលក្នុងនោះរួមមាន៖
ទី១) គឺការប្រែក្លាយតំបន់ដែលជាអតីសមរភូមិក្តៅ កន្លែងដែលធ្លាប់កើតមាននូវភ្លើងសង្គ្រាម ទៅជាតំបន់ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ និងជាតំបន់ទីផ្សារ ។ ទី២)គឺការប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាង អោយទៅជាតំបន់មានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។
ជាក់ស្តែងពេលនេះ គឺយើងបាននឹងកំពុងប្រែក្លាយតំបន់នេះផ្ទាល់អោយទៅជាតំបន់ទីផ្សារ តំបន់សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះយើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ សំរាប់ទាក់ទាញកាវិនិយោគផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយកសិករ ពាណិជ្ជករ ត្រូវខិតខំកែច្នៃផលិតផលក្នុងស្រុក
អោយទៅជាផលិតផលសម្រេចដើម្បីធ្វើការនាំចេញ
។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មវៀតណាម ត្រូវរួមសហការគ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ជាពិសេសត្រូវបង្កើនការនាំផលិតផលពីកម្ពុជាបន្ថែមទៀតទៅវៀតណាម ពីព្រោះបច្ចុប្បន្ននេះវៀតណាមនាំចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចូលទៅវៀតណាម។
សម្តេចតេជោបានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើននៃទំហំពាណិជ្ជម្មនៃប្រទេសទាំងពីរ ដែលតាមការគ្រោងទុកនឹងសម្រេចអោយបាន៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ក៏ប៉ុន្តែសម្តេចបានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអាចលើស៥ពាន់លានដុល្លារទៅទៀត ពីព្រោះទំនិញមួយចំនួនដែលកម្ពុជានាំទៅវៀតណាមខ្លះគឺមិនបានចុះបញ្ជើនោះទេ ដូចជាស្រូវជាដើម
ដែលប្រជាពលរដ្ឋលក់ទៅវៀតណាមនោះគឺមិនត្រូវបានបានកត់ត្រាឡើយ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ផ្សារនេះគឺចាត់ទុកជាផ្សារគំរូមួយ បើផ្សារនេះមិនទទួលបានជោគជ័យ ក៏យើងមិនអាចដំណើរការនៅកន្លែងផ្សេងៗទៀតបានដែរ។ ដូច្នេះអភិបាលខេត្តត្រូវតែខិតខំ ក្នុងដំណើរការផ្សារនេះ បើផ្សារនេះបរាជ័យ ចៅហ្វាយខេត្តក៏ត្រូវអស់ដំណែងដែរ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាស ថានឹងបើកផ្សារព្រំដែននេះជាបន្តទៀតនៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងនៅខេត្តស្វាយរៀង។ សម្តេចសម្តេចក៏បានស្នើទៅវៀតណាមរួចហើយ តែវៀតណាមមិនទាន់មានការឆ្លើយតប។ តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោនឹងប្រើប្រាស់ថវិការជាតិតែម្តងក្នុងការសាងសង់ផ្សារព្រំដែននេះ ដែលផ្សារមួយត្រូវចំណាយថវិកាប្រមាណជា២លានដុល្លារតែប៉ុណ្ណោះ ដូច្នេះ សម្តេចតេជោក៏បានអោយអភិបាលខេត្តកំពត និងខេត្តស្វាយរៀង ត្រូវរកដីត្រៀមទុកអោយហើយសំរាប់បើកផ្សារព្រំដែននេះ។
នៅក្នុងឱនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃមួយចំនួនដែលមានបានចូលរួមចំណែកក្នុងការកសាងផ្សារនេះ។ បន្ទាប់មក សម្តេចតេជោបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលផ្សារគំរូព្រំដែននេះ ព្រមទាំងបានអញ្ជើញទស្សនាស្តង់តាំងពិពណ័ទំនិញផលិតផលកម្ពុជា-វៀតណាម ក្នុងបរិយាកាសរីករាយបំផុត៕