សម្តេចតេជោ ហ៊ុន សែន ៖ បើផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំបរាជ័យ ចៅហ្វាយខេត្តនេះក៏ត្រូវអស់ដំណែងដែរ
(ត្បូងឃ្មុំ)៖ថ្លែងនៅក្នុងពិធី សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ផ្សារនេះគឺចាត់ទុកជាផ្សារគំរូមួយ បើផ្សារនេះមិនទទួលបានជោគជ័យ ក៏យើងមិនអាចដំណើរការនៅកន្លែងផ្សេងៗទៀតបានដែរ។ ដូច្នេះអភិបាលខេត្តត្រូវតែខិតខំ ក្នុងដំណើរការផ្សារនេះ បើផ្សារនេះបរាជ័យ ចៅហ្វាយខេត្តក៏ត្រូវអស់ដំណែងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ជូននូវផ្សារនេះ សម្រាប់បម្រើដល់ជីវភាពនៃប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានកោតសរសើរចំពោះក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំង២ បានដោះដូរទំនិញគ្នាទៅវិញទៅមក។
នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាស ថានឹងបើកផ្សារព្រំដែននេះជាបន្តទៀតនៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងនៅខេត្តស្វាយរៀង។ សម្តេចសម្តេចក៏បានស្នើទៅវៀតណាមរួចហើយ តែវៀតណាមមិនទាន់មានការឆ្លើយតប។ តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោនឹងប្រើប្រាស់ថវិការជាតិតែម្តងក្នុងការសាងសង់ផ្សារព្រំដែននេះ ដែលផ្សារមួយត្រូវចំណាយថវិកាប្រមាណជា២លានដុល្លារតែប៉ុណ្ណោះ ដូច្នេះ សម្តេចតេជោក៏បានអោយអភិបាលខេត្តកំពត និងខេត្តស្វាយរៀង ត្រូវរកដីត្រៀមទុកអោយហើយសំរាប់បើកផ្សារព្រំដែននេះ៕