លោក ពេជ្រ ស្រស់ ស្នើចំនួនចំណុច៦ដល់ លោកហង់ ជូនណារ៉ុន
ស្នើក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជាស្នើចំនួនចំណុច៦ដល់ លោកហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន នឹងកីឡា។
តាមរយៈហ្វេសបុករបស់ប្រធានប្រតិភូបក្សយុវជនកម្ពុជា បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកនេះ លោក ពេជ្រ ស្រស់ បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងអប់រំយុវជន នឹងកីឡា ចំនួន៦ចំណុចរួមមាន៖
១. សុំឲ្យសិស្សសាលាមានសិទ្ធិពេញលេញនៅក្នុងការជជែកគ្នាពីរឿងនយោបាយពេលម៉ោងសំរាកក្នុងសាលារៀនបើពួកគេចង់ជជែកគ្នា។
២. កំណត់ស្ថានភាពជាក់ស្តែងក្នុងការរៀនគួរ និងគួរបញ្ឈប់ការរៀនគួរពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យហើយងាកមកពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរបស់រដ្ឋវិញពីព្រោះថាការរៀនគួរខុសរបៀបបែបនេះ គឺធ្វើឲ្យមាតាបិតាសិស្សគ្មានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀន ដោយហេតុកូនសិស្សត្រូវគ្រូបង្ខំឲ្យរៀនគួរ តាមរយៈការដាក់ពិន្ទុទាបឬធ្លាក់តែម្តង បើសិនជាកូនសិស្សនោះមិនរៀនគួរ កត្តានេះធ្វើឲ្យកូនសិស្សជំរិតទាប្រាក់ពីឪពុក ម្តាយយកទៅរៀនគួរ។
៣.បង្កើតនូវកម្មវិធីពិនិត្យទឹកនោមសិស្សនៅថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ ដើម្បីស្វែងរកសារធាតុញៀនរៀងរាល់៣ខែម្តងសំរាប់ជំហ៊ានដំបូង គឺដើម្បីបង្ការ និងទប់ស្កាត់សិស្សសេពគ្រឿងញៀន។
៤.រឹតបន្តឹងការប្រឡងបញ្ចប់ថ្នាក់ទី៩ដើម្បីពង្រឹងសមត្ថភាពសិស្សពីថ្នាក់អនុវិទ្យាល័យទៅ ក្នុងការធានានូវគុណភាពនៃការសិក្សារបស់សិស្សនិងបង្កើនគុណភាពធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
៥.ពង្រឹងគុណភាពរបស់គ្រូបង្រៀននៅក្នុងម៉ោងបង្រៀនរដ្ឋ ដើម្បីលុបបំបាត់ការបង្រៀនសិស្សក្រៅម៉ោងយកលុយខុសរបៀប ជាហេតុធ្វើឲ្យឪពុកម្តាយរបស់សិស្សកាន់តែក្រីក្រទៅៗ នាំឲ្យពួកគាត់បញ្ឈប់កូនមិនឲ្យទៅរៀនបន្តទៀតទេ។
៦.ខ្ញុំស្នើសុំរដ្ឋមន្រ្តីក្រសួងអប់រំជួយតម្លើងប្រាក់ខែជូនដល់លោកគ្រូអ្នកគ្រូយ៉ាងតិចគឺ ២ លានរៀលក្នុង១ខែ ដើម្បីលុបបំបាត់នូវការយកថវិកា ពី កូនសិស្សមិនសមហេតុផលនៅបណ្តាសាលារៀនមួយចំនួន នឹង ដើម្បី បង្កើននូវគុណភាព នៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងមានហេតុផលដាក់ទណ្ឌកម្មទៅលើលោកគ្រូ អ្នកគ្រូណាមួយមិនខំយកចិត្តទុកដាក់ក្នុងការបង្រៀនកូនសិស្សនៅក្នុងម៉ោងរដ្ឋ។
លោកថា ការស្នើសុំខាងលើនេះ ក៏មានមតិពីបងប្អូន ដែលបានផ្ញើរមកខ្ញុំផងដែរហើយចំណុចខ្លះខ្ញុំមិនបានស្នើតាមសំណូមពររបស់បងប្អូនគឺមានប្រតិភូគណបក្សផ្សេងបានលើកឡើងរួចហើយនៅក្នុងកិច្ចប្រជុំ។