អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន ស្នើឲ្យតុលាការទម្លាក់ចោលបទចោទ ប្រឆាំងអ្នកសារព័ត៌មាន
ខណៈដែលតុលាការនឹងបើកសវនាការលើករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់នៅថ្ងៃចន្ទនេះ កាលពីម្សិលម៉ិញ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន បានទទួចឲ្យទម្លាក់ចោលបទចោទ ប្រឆាំងអ្នកសារព័ត៌មានសរុប០៦នាក់។
សំណើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងក្រុមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិសរុប ៣៧ស្ថាប័ន ដែលត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះមុនសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿងប្រឆាំងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ឬហៅម្យ៉ាងទៀតថា ធ្វើចារក្មឱ្យរដ្ឋបរទេស។
ក្រៅពីអតីតអ្នកសារព័ត៌មានទាំងពីររូបនេះហើយ បណ្ដាស្ថាប័នទាំងនោះ ក៏បានអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានពីររូបរបស់កាសែត ឌឹ ខេមបូឌា ដេលី មានលោក អូន ភាព និងលោក Peter Zsombor អ្នកបកប្រែឱ្យទូរទស្សន៍រុស្ស៊ី Russia Today (RT) លោក រ៉ាត់ រត្នមុនី និងភ្នាក់ងារកាសែតរស្មីកម្ពុជា និងទូរទស្សន៍អប្សរាប្រចាំខេត្តមណ្ឌលគិរី លោក សាត ចាន់បុត្រ ផងដែរ។
លោក រ៉ាត់ រត្នមុនី ដែលបានបកប្រែឱ្យទូរទស្សន៍ RT របស់រុស្ស៊ី ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ»។
ចំណែកឯលោក សាត ចាន់បុត្រ វិញ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី២ ខែធ្នូ ក្រោមបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ដែលប្ដឹងដោយមន្ត្រីយោធានៅខេត្តនេះផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ បណ្ដាញការពារអ្នកសារព័ត៌មាន និងអង្កការសិទ្ធិមនុស្សទាំងនោះ បានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការជាក់លាក់ដើម្បីបញ្ចប់នូវអ្វីដែលពួកគេចាត់ទុកជាការយាយីទៅលើអ្នកសារព័ត៌មានឯករាជ្យ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា ការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន គឺជាឧទាហរណ៍នៃការដាក់ទោសទោលើសំឡេងរិះគន់។
អ្នកស្រី ចក់ សុភាព និយាយថា៖ «យើងខ្ញុំសូមបញ្ជាក់ថា វិជ្ជាជីវៈសារព័ត៌មានមិនមែនជាបទល្មើសទេ ហើយក៏មិនគួរចាត់ទុកថា មានទោសដែរ។ ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការធានានូវលំហមួយដែលអ្នកសារព័ត៌មានអាចធ្វើការងាររបស់ពួកគេបានដោយសេរី និងសុវត្ថិភាព ដោយមិនមានការភ័យខ្លាច គឺជាជំហានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដ៏រឹងមាំ»។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាអង្គការមួយក្នុងចំណោមនោះ បានកត់សំគាល់ថា រាល់បណ្តឹងនិងចំណាត់ការប្រឆាំងអ្នកសារព័ត៌មានមិនត្រឹមតែប៉ះពាល់ដល់អ្នកទាំង៦រូបនេះទេ តែជាគំរាមកំហែងដល់អ្នកសារព័ត៌មានផ្សេងទៀតក្នុងការបំពេញវិជ្ជាជីវៈដោយឯករាជ្យផងដែរ។
លោក ម៉ៃ ទិត្យថារ៉ា និយាយថា៖ «ដើម្បីធ្វើឱ្យស្ថានភាពសេរីភាពសារព័ត៌មានឈានទៅរកភាបល្អប្រសើរឡើងវិញ ពាក្យបណ្ដឹងទាំងឡាយ និងសកម្មភាពធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន គួរត្រូវបានបញ្ឈប់ជាបន្ទន់»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចូលរួមជំរុញឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានបម្រើការងារនៅកម្ពុជាផងដែរ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកត្រូវបញ្ជូនខ្លួនទៅដាក់ឃុំក្រោមការចោទប្រកាន់ថា បានធ្វើចារកម្មឱ្យរដ្ឋបរទេស និងផលិត និងកាន់កាប់រូបភាពអាសអាភាស។
អ្នកទាំងពីរ ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់តាំងពីខែសីហាឆ្នាំមុន៕