​១​ខែ តម្រូវការ​ប្រើប្រាស់​ឈាម​នៅ​ទូទាំងប្រទេស​ ​មាន​ប្រមាណ​៦​ពាន់​ប្លោក

 

​ភ្នំពេញ៖ ​ថ្លែង​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត របស់​ធនាគារ​ស្ថាបនា​ភីអិលស៊ី នា​ថ្ងៃទី​២០ ខែធ្នូ នេះ​ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​អៈ​អាង​ថា ក្នុង​១​ខែ តម្រូវការ​ប្រើប្រាស់​ឈាម​នៅ​ទូទាំងប្រទេស​ ​មាន​ប្រមាណ​៦​ពាន់​ប្លោក ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​អ្នកជំងឺ​។​

លោក​វេជ្ជបណ្ឌិត បានលើកឡើង​ទៀតថា កិច្ចការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​ការបរិច្ចាគ​ឈាម រហូតមកដល់​ពេលនេះ មានតែ​២៥%​ប៉ុណ្ណោះ​។ ដូច្នេះ​អ្វី​ដែលជា​កង្វះខាត និង​ភាព​ប្រឈម​របស់​មជ្ឈមណ្ឌល​ ​គឺមាន​កម្រិត​ខ្ពស់​។ ដើម្បី​បង្កើន​នូវ​តម្រូវការ​ឈាម មជ្ឈមណ្ឌល​តែងតែ​រក​ដៃគូ​សហការ ធ្វើយ៉ាងណា​ប្រមែប្រមូល​ឈាម​ឲ្យ​បាន​ច្រើន​។​

​ជាមួយគ្នា​នោះដែរ លោក លឹម អូន នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​លើកឡើងថា ឆ្នាំនេះ គឺជា​ការចូលរួម​លើក​ទី​១២ របស់​ធនាគារ​ស្ថាបនា ដើម្បី​ជួយសង្គ្រោះ អាយុជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម ចាំបាច់ និង​ដើម្បី​ជួយ​បង្កើន​បរិមាណ​ឈាម​ក្នុង​ស្តុក របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ឱ្យបាន​ទាន់ពេលវេលា​។​

​លោកនាយក​ប្រតិ​ប​តិ្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀងទាត់​ទាំងអស់គ្នា ដើម្បី​សកម្មភាព​សប្បុរសធម៌ និង​ដើម្បី​សុខ​ភាពល្អ​ទាំងអស់គ្នា​ ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds