សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនអាចមាន ហ្គេម Online ឡើយ

(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសយ៉ាងដាច់ណាត់ថា មិនឲ្យមានហ្គេម Online នៅប្រទេសកម្ពុជាទៀតនោះឡើយ បើមិនដូច្នោះប្រទេសកម្ពុជា នឹងក្លាយជាកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពីហ្គេម Online នេះតែម្ដង ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ហ្គេមអនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុង ក្រោយដល់ពេលកំណត់នៃការពន្យាសុពលភាពធ្វើអាជីវកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ប្រទេសណាបង្កើតមានឲ្យមានហ្គេមអនឡាញ ក៏បង្កើតចុះ ប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត។

ដោយឡែក បញ្ហាមួយទៀតពាក់ព័ន្ធការធ្លាក់ចុះនៃវិស័យសំណង់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យសំណង់នៅប្រទេសកម្ពុជា មិនមែនបម្រើឲ្យតែហ្គេមអនឡាញនោះទេ ប្រសិនបើគេឈប់ជួលផ្ទះ ឬអគារគួរតែយកទីតាំងនោះ ទៅប្រកបអាជីវកម្មផ្សេង ព្រោះអ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់នោះ គឺការបិទអាជីវកម្មហ្គេមអនឡាញ ដើម្បីកុំឲ្យកម្ពុជាក្លាយជាជម្រករបស់ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds