អធិការរងនគរបាលក្រុងបាវិតម្នាក់ បាញ់ម្ចាស់ហាងផឹកស៊ីមួយកន្លែង ឲ្យរបួសធ្ងន់
(ស្វាយរៀង)៖ នគរបាលម្នាក់ មានតួនាទីជាអធិការរងក្រុងបាវិត បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាងតន្ត្រីសំណាងអាណេ បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្រហារទៅលើម្ចាស់ហាងតន្ត្រីសំណាងអាណេ មានឈ្មោះ កែវ វិចិត្រ មានតួនាទីជាអធិការរងក្រុងបាវិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅស្នងការខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ដាណេ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួបស្រាប់ តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតករបានដើរចេញពីហាងគេចខ្លួនបាត់។ ចំពោះរឿងរ៉ាវដែលឈានដល់ការបាញ់ប្រហារនេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច ក៏ដូចសាច់ញាតិជនរងគ្រោះនៅឡើយថា តើបណ្តាលមកពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះទេ៕