សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីណាដែលពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ត្រូវដាក់ចូលឃ្លាំងមិនអាចឱ្យកាន់ការងារឡើយ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានថា មន្ត្រីណាដែលពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ដោយគ្មានភាពម្ចាស់ការ នឹងត្រូវដាក់ចូលឃ្លាំង មិនអាចឱ្យកាន់ការងារឡើយ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានពន្យលអំពីលក្ខណៈខុសគ្នារបស់មន្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋាន ដែលក្នុងនោះគឺមានមន្រ្តី១ប្រភេទពូកែតែរាយការណ៍ និងបន្ទោសកូនចៅ និងមន្រ្តីមួយប្រភេទទៀត គឺជាមន្រ្តីដែលមានភាពម្ចាស់ការ ដោះស្រាយបញ្ហានៅនឹងក្លែង ទោះបីជាមិនទាន់មានអន្តរាគមន៍ពីថ្នាក់លើក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីករណីរលំបាក់អគារ៩ជាន់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩។ ពេលនោះ សម្តេចបានកោតសរសើរ អាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន ដែលបានរួមកម្លាំងម្ចាស់ការដោះស្រាយបញ្ហានៅនឹងកន្លែង ទោះបីជាមិនទាន់មានការអន្តរាគមន៍ពីថ្នាក់លើក៏ដោយ។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបានទាន់ពេលវេលានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញថា បែងចែកមុខងារ ផ្ទេរមុខងារ និងបញ្ជូនអំណាចនោះ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា៕