លោក ពេជ្រ ស្រស់ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរទីលំនៅជនជាតិវៀតណាមពីដីខ្មែរទៅដីវៀតណាមវិញ
ខណៈអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀលដី ទំហំ ៤០ហិកតារ ផ្ដល់ឱ្យជនជាតិវៀតណាមដែលបន្លាស់ទីពីផ្ទៃបឹងទន្លេសាប ឱ្យមករស់នៅលើគោកវិញ លោក ពេជ្រ ស្រស់ ថា ការផ្លាស់ប្តូរទីលំនៅរបស់ជនជាតិវៀតណាមពីការស់នៅលើទឹកមករស់នៅលើដីគឺជាសញ្ញាវិជ្ជមានមួយ។
អ្នកនយោបាយវ័យក្មេងរូបនេះ សរសេរនៅក្នុងហ្វេសបុកនៅរសៀលនេះថា ការផ្លាស់ប្តូរទីលំនៅរបស់ជនជាតិវៀតណាមពីការរស់នៅលើទឹកមករស់នៅលើដីគឺជាសញ្ញាវិជ្ជមានមួយរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន លើជនជាតិវៀតណាម បើធៀបពីកន្លងមកគឺរដ្ឋាភិបាលកម្ពុជាមិនដែលហ៊ានប៉ះពាល់ជនជាតិវៀតណាមឡើយ..។
លោកពេជ្រ ស្រស់ បន្តក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាបន្តធ្វើជំរឿនលើជនជាតិវៀតណាម ទូទាំងប្រទេសកម្ពុជាដើម្បីកំណត់នូវសិទ្ធិរបស់ជនជាតិនេះក្នុងការរស់នៅកម្ពុជា ឲ្យមានអាណត្តិរស់នៅនឹងផ្លាស់ប្តូរពីរស់នៅដី កម្ពុជាទៅរស់នៅដី វៀតណាម វិញនៅពេលជនជាតិនេះផុតអាណត្តិរស់នៅកម្ពុជាដើម្បី ធានាបាន នូវការអនុវត្តន៏ច្បាប់លើជនអន្តោប្រវេសន៍ម៉ឺងមាត់ និងឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។
សូមរំលឹកផងដែរថា អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកាត់ដីលិចទឹក ទំហំ ៤០ហិកតារ ឋិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ច ឱ្យពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ផ្លាស់ទីពីផ្ទះបណ្ដែតទឹកទៅរស់នៅទីនោះវិញ។រដ្ឋាភិបាលវៀតណាមបានតាមដានដោយយកចិត្តទុកដាក់ចំពោះរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ថូហាង (Le Thi Thu Hang) បានជំរុញឱ្យជនជាតិវៀតណាម ដែលទៅរស់នៅក្នុងប្រទេសកម្ពុជា ត្រូវអនុវត្តតាមច្បាប់ របស់ប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ៕