ថ្ងៃស្អែកនេះ កងទ័ពកម្ពុជា-វៀតណាម ធ្វើសមយុទ្ធ លំហាត់សង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម
(ស្វាយរៀង)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម នឹងធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃស្អែក ទី១៨ធ្នូ ២០១៩។
ការធ្វើសនយុទ្ធនេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។
ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដែលធ្វើឡើងនៅខេត្តស្វាយរៀងនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយដោយយថាហេតុនាពេលខាងមុខ៕