មេធាវី កឹម សុខា៖ លោក កឹម សុខា តែងតែគោរពទៅតាមនីតិវិធីរបស់តុលាការជានិច្ច

(ភ្នំពេញ)៖ តាមការអោយដឹងពី លោក ចាន់ ចេន មេធាវីរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ពាក់ព័ន្ធនឹងចូលរួមសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ លោកមិនទាន់ដឹងយ៉ាងណាទេ តែលោកបញ្ជាក់ថាកូនរបស់ក្តីរបស់លោកតែងតែគោរពតាមនីតិវិធីរបស់តុលាការជានិច្ច។ លោក ចាន់ ចេន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានសួរនោះ។ លោក ចាន់ ចេន បានបន្តថា ក្នុងនាមជាមេធាវី លកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីការពារកូនក្តីរបស់ខ្លួននៅចំពោះមុខតុលាការ។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានបញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះហើយ ក្រោយពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា ហើយក៏ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីលោក កឹម សុខា ដែលប្រឆាំងចំពោះការបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះផងដែរ។

គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពាក់ព័ន្ធនឹងការបែកធ្លាយវីដេអូមួយដែលលោក កឹម សុខា និយាយថា លោកអនុវត្តតាមការណែនាំរបស់បរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ថយលក្ខខណ្ឌត្រួតពិនិត្យចំពោះ លោក កឹម សុខា ដោយផ្តល់សេរីភាពដល់លោកច្រើនជាងមុន ក្នុងនោះ គឺលោក កឹម សុខា អាចធ្វើសកម្មភាពជួបជាមួយមនុស្សទូទៅ និងដើរហើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយ និងចាកចេញទៅក្រៅប្រទេសឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds