សម្ដេច ស ខេង លើកពីសមិទ្ធផលធំៗរបស់ជាតិ ក្រោយអនុវត្តកម្មវិធីជាតិរយៈពេល៩ឆ្នាំ ពាក់ព័ន្ធកំណែទម្រង់វិស័យរដ្ឋបាល

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្រោយអនុវត្តនូវ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ» រយៈពេល៩ឆ្នាំកន្លងមកនេះ ពាក់ព័ន្ធកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងបែបនេះក្នុងឱកាស ដែលសម្តេចអញ្ជើញក្នុងពិធីផ្សព្វផ្សាយស្ដីពីការដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ការអនុវត្តកម្មវិធីជាតិអស់រយៈពេល៩ឆ្នាំមកនេះ ទោះបីជាមានភាពយឺតយ៉ាវខ្លះៗ ប៉ុន្ដែរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានខិតខំសហការគ្នា សម្របសម្រួល និងពុះពារគ្រប់ឧបសគ្គក្នុងការអនុវត្ត និងជំរុញឲ្យកិច្ចដំណើរការកំណែទម្រង់នេះ ឲ្យមានការវិវត្តទៅមុខស្របតាមបរិបទជាក់ស្ដែង នៃស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។

សមិទ្ធផលធំៗ ដែលសម្រេចបានគួរឲ្យកត់សម្គាល់ ដែលបង្ហាញដោយសម្ដេចក្រឡាហោម ស ខេង រួមមាន៖
ទី១៖ ពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស ត្រូវបានកែសម្រួល និងដាក់ឲ្យដំណើរការដោយរលូន ស្របតាមគោលការណ៍អភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ។ នីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធានាដល់ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ត្រូវបានបង្កើត និងដាក់ឲ្យអនុវត្តជាអាទិ៍ នីតិរៀបចំកិច្ចប្រជុំ និងវេទិកាពិគ្រោះយោបល់សាធារណៈ របស់ក្រុមប្រឹក្សា នីតិវិធីធ្វើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សា និងនីតិវិធីគ្រប់គ្រងកិច្ចការរដ្ឋបាល។

ប្រព័ន្ធគ្រប់គ្រងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានដាក់ឲ្យអនុវត្ត និងកែលម្អជាបណ្ដើរៗផងដែរ ដែលក្នុងនោះរួមមាន ប្រព័ន្ធកសាងផែនការប្រព័ន្ធផ្ទេរមូលនិធិ និងគ្រប់គ្រងហិរញ្ញវត្ថុ, ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស, ប្រព័ន្ធទំនាក់ទំនងអន្ដររដ្ឋបាល, ប្រព័ន្ធត្រួតពិនិត្យនីត្យានុកូលភាព, ប្រព័ន្ធគាំទ្របច្ចេកទេស និងប្រព័ន្ធសម្រុះសម្រួលវិវាទនៅមូលដ្ឋានជាដើម។

ទី២៖ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការរៀបចំបង្កើតប្រព័ន្ធ គ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តរួមមាន អនុក្រឹត្យធ្វើប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងបុគ្គលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, គោលនយោបាយស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ព្រះរាជក្រឹត្យ ស្ដីពីលក្ខន្ដិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំស្ដីពីគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

នាដើមឆ្នាំ២០១៩នេះ បុគ្គលិកក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំនួនប្រមាណ៦២,០០នាក់ ដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលិកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបម្រើការងារនៅតាមមណ្ឌលកុមារកំព្រា រាជធានី-ខេត្ត ក៏ត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗរួចហើយ។

ទី៣៖ ពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ៖ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចដំណើរការផ្ទេរមុខងារ ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តរួមានជាអាទិ៍ អនុក្រឹត្យស្ដីពីកិច្ចដំណើរការទូទៅ នៃការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ, សេចក្ដីណែនាំបច្ចេកទេស ស្ដីពីការរៀបចំបញ្ជីវិភាគមុខងារ និងសេចក្ដីណែនាំ ស្ដីពីការពិនិត្យមើលមុខងារឡើងវិញ ដើម្បីកំណត់មុខងារសមស្រប និងធនធានជាក់លាក់ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។

ទី៤៖ ពាក់ព័ន្ធការធ្វើវិមជ្ឈការហរិញ្ញវត្ថុ៖ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្ទេរថវិការដ្ឋសរុប ចំនួនប្រមាណជាង២,៩៧៨លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ផ្អែកលើអនុក្រឹត្យស្ដីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំសង្កាត់ ដែលបានដាក់ចេញនាខែសីហា ឆ្នាំ២០១៩កន្លងមក នៅឆ្នាំ២០២០ខាងមុខនេះ ឃុំសង្កាត់ នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២,០០០ដុល្លារ ក្នុងនោះសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍមូលដ្ឋាន ជាមធ្យមចំនួនប្រមាណជាង៧០,០០០ដុល្លារ ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ។

ទី៥៖ ពាក់ព័ន្ធនឹងស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ អនុលោមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ.ជ.អ.ប បានបង្កើតឡើងសម្រាប់ដឹកនាំ សម្របសម្រួលដល់ការរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និងទស្សនៈវិស័យរយៈពេលវែង ចំពោះកំណែទម្រង់ វិមជ្ឈការ។ ទោះបីកម្មវិធីជាតិ រយៈពេល១០នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០ខាងមុខនេះក៏ដោយ ផ្អែកតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ និងផ្អែកលើ មេរៀនបទពិសោធន៍ នៃការអនុវត្តកន្លងមក រាជរដ្ឋាភិបាលនឹងបន្ដរៀបចំតាក់តែង និងដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិ រយៈពេលវែងថ្មីមួយទៀត ដែលត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២១តទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open