ប៉ូលខាងត្បួង និងប៉ូលខាងជើងនៃទីក្រុងភ្នំពេញមានល្បឿន វិនិយោគខ្លាំងដូចគ្នា
(ភ្នំពេញ)៖ ល្បឿននៃការវិនិយោគប៉ូលទាំងបួននៃរាជធានីភ្នំពេញអ្នកជំនាញបានអះអាងថា រយៈពេលបីឆ្នាំកន្លងមកនេះ តំបន់ប៉ែកខាងជើង និង តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញហាក់បីដូចជាមានការអភិវឌ្ឍយ៉ាងខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ។ តំបន់ជ្រោយចង្វារ ប៉ុន្មានឆ្នាំចុងក្រោយ គេឃើញមានសន្ទុះនៃការអភិវឌ្ឍផ្នែកសំណង់និងអចលនទ្រព្យយ៉ាងខ្លាំងក្លា។
បើយើងក្រឡេកទៅមើលប៉ែកខាងត្បូង តំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេចតេជោ ហ៊ុន សែន វិញ គឺកំពុងតែមានសន្ទុះអភិវឌ្ឍន៍ខ្លាំង និងបានទាក់ទាញ ការវិនិយោគធំៗជាច្រើន ដែលរួមមានទាំង បុរីលំនៅដ្ឋាន ផ្សារទំនើប អគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មស្តង់ដារអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា តំបន់ប៉ែកខាងត្បូងនិងខាងជើងមានការអភិវឌ្ឍខ្លាំង ប៉ូលទាំងពីរនេះ គឺជាប៉ូលដែលមានសក្ដានុពលខ្លាំង ក្នុងការសាងសង់ លំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គម ទៅថ្ងៃអនាគត។
ប៉ែកខាងត្បូងដែលមានផ្លូវ ៦០ម៉េត្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ទៅតំបន់ផ្សេងៗទៀត នៅក្នុងទីក្រុងរណប ING City នេះ គេសង្កេតឃើញមាន គម្រោងវិនិយោគធំៗជាច្រើន បានប្រកាសសាងសង់ឡើងជាបន្តបន្ទាប់គ្នា រួមមាន គម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េង ហួត គម្រោងបុរីលំនៅដ្ឋាន និងអគារខ្ពស់របស់ក្រុមហ៊ុនចិន R & F Properties និងជាពិសេសគឺ ផ្សារទំនើបខ្នាតយក្សនៅកម្ពុជា គឺផ្សារទំនើបអ៊ីអនសាខា ទី ៣ ដែលគ្រោងនឹងបើកទ្វារ នៅឆ្នាំ ២០២៣ខាងមុខនេះ។
បើនិយាយពីសន្ទុះនៃការអភិវឌ្ឍនៅភាគខាងជើងរាជធានីភ្នំពេញវិញម្តង ក៏មិនចាញ់ប៉ែកខាងត្បូងដែរ ប៉ូលមួយនេះក៏កំពុងតែកើនឡើងវិនិយោគចំណុះពណ៌ជាបន្តបន្ទាប់ ជាពិសេសគឺ នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា គម្រោងលំនៅដ្ឋាន ដែលយើងសង្កេតឃើញមានទាំងគម្រោងបុរីលំនៅដ្ឋានជាច្រើន កំពុងសាងសង់ឡើងយ៉ាងសស្រាក់សស្រាំ ខណៈដែល ទីក្រុងរណបធំៗចំនួន ២ គឺទីក្រុងរណបជ្រោយចង្វារ និងទីក្រុងរណប លីយ៉ុងផាត់ ក៏កំពុងរំលេចរូបរាងជាបណ្តើរៗផងដែរ។ នៅតាមបណ្តោយផ្លូវជាតិលេខ ៦អានេះ គេសង្កេតឃើញមាន គម្រោងបុរីលំនៅដ្ឋានធំៗជាច្រើន រួមមានបុរី រុងរឿង បុរី ប៉េងហួត បុរី ឌឹមេគង្គរ៉ូយ៉ាល់ និងគម្រោងជាច្រើនទៀត ដែលភាគច្រើន កំពុងបញ្ចប់ការសាងសង់ជាបណ្តើរៗហើយ ឯមួយចំនួនទៀត ទើបនឹងចាប់ផ្តើមវិនិយោគសាងសង់ផងដែរ៕