គ្រូពេទ្យជនជាតិវៀតណាមម្នាក់ត្រូវឃាត់ខ្លួន ក្រោយចាក់ថ្នាំពលរដ្ឋខ្មែរម្នាក់ស្លាប់នៅស្រុកស្វាយលើ
សៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន គ្រូពេទ្យតាមភូមិជាជនជាតិវៀតណាមម្នាក់ បន្ទាប់ពីគ្រូពេទ្យរូបនោះ បានចាក់ថ្នាំឲ្យបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យសា្លប់។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភពពីនគរបាល បានឲ្យដឹងថា លោកពេទ្យភូមិម្នាក់ ឈ្មោះ ម៉ៅ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចំណែកបុរសចំណាស់ម្នាក់ ឈ្មោះ ពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
នៅក្នុងប្រតិបត្តិកានេះ កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។
សមត្ថកិច្ចបន្តថា ជាលទ្ធផលសមត្ថកិច្ចរកឃើញថា គ្រូពេទ្យប្រកបមុខរបរ គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ ការព្យាបាលខុសបច្ចេកទេស បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការទៅតាមនីតិវិធី ដោយអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល៕