ស្រីស្អាតម្នាក់ត្រូវបានចោរពាក់ស្រោមមុខខ្មៅ ជិះឡានស្តារិច ប្លន់ទាំងកណ្តាលយប់
(ភ្នំពេញ)៖ រឿរ៉ាវនេះបានកើតឡើងនៅវេលាម៉ោង២យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ ចំណុចមុខផ្សារទំនើបអ៊ីជៀ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាមូរ៉ៃ បានបើករថយន្ត១គ្រឿងមកកៀររ៉ឺម៉កកង់បី ប្លន់យកកាបូបពីនារីភេទទី៣ម្នាក់ និងចាក់បុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរបួសដៃ ។ បុរសជាបើករ៉ឺម៉កកង់បី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសជនជាតិចិនម្នាក់ និងនារីជាភេទទី៣ ជនជាតិវៀតណាមម្នាក់ ចេញពីណាហ្គា២ ឆ្ពោះទៅទីតាំងកន្លែងកើតហេតុ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ខ្មៅ គ្មានស្លាកលេខ បានបើកកៀររ៉ឺម៉កកង់បីរបស់គាត់ ឲ្យឈប់។
ពេលនោះ មានបុរសបីនាក់មានមាឌធំ បានចុះពីរថយន្ត និងមានពាក់ស្រោមមុខពណ៌ខ្មៅជិតមុខដៃកាន់កាំបិត មកភ្ជង់ជនរងគ្រោះជានារីភេទទី៣ យកកាបូប ភ្លាមៗនោះជនជាតិចិន ដែលរួមដំណើរជាមួយបានស្ទុះ ទៅចាប់កាបូបពីជនសង្ស័យ ក៏ត្រូវជនសង្ស័យខាងលើ បានចាក់មួយកាំបិតត្រូវដៃបណ្ដាលឲ្យរងរបួសធ្លាក់ពីរ៉ឺម៉កកង់បីប្រតាយប្រតប់គ្នា។
ប្រភពបន្តថា ពេលនោះ គាត់បានបើករ៉ឺម៉កកង់បី គេចចេញពីកន្លែងកើតហេតុ ដើម្បីទៅសុំអន្តរាគមន៍ពីសមត្ថកិច្ច តែជនសង្ស័យទាំងបីខាងលើ រត់ឡើងជិះរថយន្ដបើកគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។ នារីរងគ្រោះ បានប្រាប់ថា សម្ភារៈក្នុងកាបូបរបស់នាង ដែលបាត់បង់មានលុយចំនួន៤០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងលិខិតឆ្លងដែនមួយរួមទាំងសម្ភារៈមួយចំនួនទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ រួចនាំនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ តែមហាជនមិនសូវមានជំនឿលើសមត្ថកិច្ចប៉ុន្មានឡើយ ព្រោះបទល្មើសចោរកម្មបានកើតឡើងព្រោងព្រាតពេញក្រុងភ្នំពេញ ៕