វិស័យមូលបត្រសម្រាប់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយ មានការប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល
ភ្នំពេញ ៖ នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្លិបអ្នកកាសែតកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « វិស័យមូលបត្រ និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានលើកទី១០»។
ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ប៉ែន បូណា បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ចែករំលែកចំណេះដឹង ដល់អ្នកសារព័ត៌មានអំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា ប្រភពនិងសារសំខាន់ នៃព័ត៌មានសម្រាប់ការសម្រេចចិត្តវិនិយោគ ដែលជាកត្តាជំរុញឲ្យមានប្រសិទ្ធភាព នៅក្នុងទីផ្សារមូលបត្រកម្ពុជា អាជីវកម្មជួញដូរឧបករណ៍ និងបទបញ្ញត្តិគ្រប់គ្រងពាក់ព័ន្ធ និងវិធីសាស្រ្តក្នុងការវិភាគព័ត៌មាន និងការសរសេរអត្ថបទបែបប្រៀបធៀប។ លោកបន្តថា ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា សិក្ខាសាលានេះ មានសារសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានដើម្បីស្វែងយល់ដឹង អំពីការវិវត្តវិស័យមូលបត្រនៅកម្ពុជា រួមទាំងបញ្ហាប្រឈមនានា ទាក់ទងវិស័យនេះ ។
លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុ យុទ្ធសាស្ត្រមួយ នៃវិស័យហិរញ្ញវត្ថុដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដោយបានកំណត់នៅក្នុង “យុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥” ដែលក្នុងនោះ គោលនយោបាយជំរុញការអប់រំ និងការយល់ដឹងអំពីវិស័យមូលបត្រ និងទីផ្សារមូលបត្រសម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ វិនិយោគិនសាធារណៈ និងក្រុមហ៊ុនសក្តានុពល ក៏ដូចជាសាធារណជន ត្រូវបានកំណត់ជាការងារ អាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងៗទៀត ។
ឯកឧត្តម អគ្គនាយកបានលើកឡើងថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍទី ផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ ត្រូវបានរៀបចំឡើងជារៀង រាល់ឆ្នាំសម្រាប់អ្នកសារព័ត៌មាន។
លោកបន្តថា គណៈកម្មការមូលបត្រកម្ពុជា ( គ.ម.ក.) បានរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំក្រោមប្រធានបទ ផ្សេងៗគ្នា ដើម្បីចែករំលែកនូវ ចំណេះដឹងកាន់ តែទូលំទូលាយ ពាក់ព័ ន្ធនឹងទីផ្សារមូលបត្រនៅកម្ពុជា ។ នេះជាលើកទី ១០ ហើយសម្រាប់ការរៀប ចំសិក្ខា សាលាសម្រា ប់អ្នក សារព័ត៌មាននេះ ប៉ុន្តែលើកនេះ ក៏មានការចូលរួមពីនិស្សិតដែលកំពុងរៀនជំនាញផ្នែកព័ត៌មាន និងគមនាគមន៍ផងដែរ ហើយទាំង១០ លើកនេះមានអ្នកចូលរួមសរុប លើសពី ៣០០ នាក់ដោយគិតចាប់ពីឆ្នាំ ២ ០១ ៣-២០១៩ នេះ ៕