ក្រសួងអប់រំ បានអនុញ្ញាតអោយមានមជ្ឈមមណ្ឌលសិក្សាទំនើប Robo Think ដំបូងគេ នៅក្នុងសាលាបឋមសិក្សាព្រះនរោត្តម
(ភ្នំពេញ)៖ មជ្ឈមមណ្ឌលសិក្សាទំនើប Robo Think គឺជាមជ្ឍមណ្ឌលមួយដែលបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹង និងជំនាញបន្ថែម ជូនដល់កុមារតូចៗនៅក្នុងកម្រិតបឋមសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ មជ្ឈមមណ្ឌលសិក្សាទំនើប Robo Think ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតិអោយមាន ក្នុងសាលាបឋមសិក្សាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានក្លាយជាសាលារដ្ឋទី១ ដែលមជ្ឍមណ្ឌលនេះត្រូវបាមសម្ពោធដាក់អោយប្រើប្រាស់នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីលោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជន និងកីឡា, លោក មាស ឆពណ្ណ នាយកសាលាបឋមសិក្សាព្រះនរោត្ដម, លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនរៀលលាននែរកម្ពុជា រួមទាំងមានលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សជាច្រើនរូបផងដែរ។
លោក កាន់ ពុទ្ធី បានឱ្យដឹងថា ការបង្កើតឲ្យមានមជ្ឈមមណ្ឌលសិក្សាទំនើបនៅក្នុងបឋមសិក្សាព្រះនរោត្តម ដែលបានបន្ថែមមុខជំនាញ ភាសាអង់គ្លេស, ភាសាចិន, កុំព្យូទ័រ, រ៉ូបូទិក មុខវិជ្ជាស្ទែម, និយាយភាសាអង់គ្លេសជាសាធារណៈ និងការសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យនេះ គឺដើម្បីផ្ដល់ចំណេះដឹង ជំនាញ និងប្រាជ្ញាស្មាតី ជូនទៅ ដល់កុមារតូចៗ ក្នុងវ័យបឋមសិក្សាឲ្យបានទទួលការអប់រំតាមកម្មវិធីទំនើប ដែលឆ្លើយតបទៅនឹងបរិបទនៃការអប់រំសម្រាប់សតវត្សរ៍ទី២១ នៃបដិវត្តឧស្សាហកម្មទី៤។
លោក គុយ ប៉ាន់ឆ័យ បានថ្លែងបញ្ជាក់ថា សម្រាប់វគ្គសិក្សាទាំង៦មុខនេះតម្រូវឲ្យអ្នកអាណាព្យាបាលសិស្សម្នាក់ៗ ចូលរួមបដិភាគត្រឹមតែ ៣០០ដុល្លាតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលរហូតមកដល់ពេលនេះទទួលបានសិស្សចុះឈ្មោះចូលរៀនចំនួន ១១៤នាក់ហើយ។ កម្មវិធីនេះអាចដាក់បង្រៀនដល់សិស្សានុសិស្សចាប់ពីកម្រិតបឋម រហូតដល់កម្រិតមធ្យមសិក្សា ដែលជួយបណ្តុះភាពវៃឆ្លាតដល់ពួកគេស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ នៃវិស័យបច្ចេកវិទ្យាទំនើបនាសតវត្សទី២១ ទាក់ទងនឹងការ សាងសង់គ្រឿងយន្ត ការច្នៃប្រឌិត ការបង្កើតថ្មី ចំណេះដឹងកម្មវិធីសរសេរកូដ អភិវឌ្ឍសមត្ថភាពខួរក្បាលកុមារ និងយុវជនបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការសិក្សា បែបអនុវត្តផ្ទាល់ ព្រមទាំងលាយឡំនឹងការកម្សាន្តផងដែរ។
លោក មាស ឆពណ្ណ បានឱ្យដឹងដែរថា ការដាក់ឱ្យដំណើរការសិក្សាតាមបែបទំនើប ជាមួយនិងបន្ទប់បង្រៀនដល់សិស្សដែលបំពាក់នូវម៉ាស៊ីត្រជាក់នេះ គឺជាបំណង ប្រាថ្នារបស់លោកយូរមកហើយ ក្នុងការរៀបចំសាលារៀនមិនឱ្យចាញ់វិស័យឯកជននោះទេ ដូចនេះហើយលោកក៏បានធ្វើអំពាវនាវទៅដល់អាណាព្យាបាល សិស្ស ទាំងអស់ចូលរួមជាមួយវិស័យឯកជន ដែលបានដាក់ឱ្យដំណើរការកម្មវិធីសិក្សាបែបទំនើប ក្នុងសាលាបឋមសិក្សាព្រះនរោត្តមនេះ ដើម្បលើស្ទួយវិស័យអប់រំនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ចំណេះដឹងបន្ថែមជូនទៅដល់កូនៗ របស់ខ្លួនឲ្យក្លាយទៅជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា មជ្ឈមមណ្ឌលសិក្សាទំនើប Robo Think មកដាក់នៅក្នុងសាលាបឋមសិក្សាព្រះនរោត្តមនេះ ក្នុងនោះមានកម្មសិក្សាទំនើបមាន១១បន្ទប់ ដែលបានបំពាក់បរិក្ខា និងឧបករណ៍សិក្សា ដែលនាំចូលពីបរទេស ប្រកបដោយសោភ័ណភាព និងផាសុខភាព ដែលសរុបជាថវិកាប្រមាណជាជិត ២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក៕