ពូកែមានរឿងពេក រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបញ្ចុះថ្មព្រះភូមិសេ្តចរាជសីហ៍ នៅរង្វង់មូលតោពីរ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបញ្ចុះថ្មព្រះភូមិពិធីមង្គលសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ នៅរង្វង់មូលតោពីរ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
នេះគឺជាពិធី សូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្កសិទ្ធក្នុងខេត្តព្រះសីហនុ បារមីជំទាវម៉ៅ ជាពិសេសឬទ្ធីបារមីនៃសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ សូមអោយជួយប្រោះព្រំប្រសិទ្ធពរជ័យ
ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងបងប្អូនប្រជាពលនៅទូទាំងខេត្តព្រះសីហនុ អោយទទួលបាននូវសេចក្តីសុខចម្រើន។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ស្វាគមន៍ថា ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ មណ្ឌលកំសាន្ត ។ល។
ការកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិដ៏ទំនើបផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក ឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថវិកាចំនួន ១០០លានដុល្លា ពីថវិកាសន្សំរបស់ជាតិ និងគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត ក្នុងការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែប្រវែង ៨៤,៥០៥ម៉ែត្រ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងចំនួន ៣៤ខ្សែ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជំនាន់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈ នៃខេត្តព្រះសីហនុ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការស្តារ និងកសាងខេត្តព្រះសីហនុ ចាប់ពីការកកើតរហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន ៕